(តូក្យូ)៖ ទីភ្នាក់ងារសេវាអន្តោប្រវេសន៍ជប៉ុនបានឱ្យដឹងថា ការិយាល័យរបស់ខ្លួននៅក្នុងទីក្រុងតូក្យូ ត្រូវបិទនៅថ្ងៃសុក្រ ទី១២ ខែមិថុនា ២០២០នេះ បន្ទាប់ពីទទួលបានសារពីជនអនាមិកម្នាក់ ដែលគំរាមវាយប្រហារដោយបំផ្ទុះគ្រាប់បែក។ នេះបើតាមការចេញផ្សាយដោយគេហទំព័រ Uni India។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីភ្នាក់ងារសេវាអន្តោប្រវេសន៍ជប៉ុន បានគូសបញ្ជាក់ដូច្នេះថា «ទីភ្នាក់ងារសេវាអន្តោប្រវេសន៍ទីក្រុងតូក្យូ ទទួលបានសារ E-mail ពីជនអនាមិកម្នាក់ ដែលបានគំរាមវាយប្រហារបំផ្ទុះគ្រាប់បែកនៅម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០... ដូច្នេះយើងនឹងបិទការិយាល័យនៅថ្ងៃសុក្រ ទី១២ ខែមិថុនានេះ»។
គួរជម្រាបថា បើតាមសារព័ត៌មានជប៉ុន Kyodo ទីភ្នាក់ងារសេវាអន្តោប្រវេសន៍ជប៉ុន បានទទួលសារព្រមានពីការបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ ដោយសារនេះមានអត្ថន័យដូច្នេះថា «សេវាអន្តោប្រវេសន៍ដែលគាបសង្កត់លើជនបរទេស និងអគាររបស់ពួកគេនៅក្នុងទីក្រុងតូក្យូនឹងត្រូវបំផ្ទុះ»។
បច្ចុប្បន្នអាជ្ញាធរជប៉ុនកំពុងរឹតបន្តឹងសន្តិសុខ និងការស៊ើបអង្កេត ជាមួយការផ្ដល់យោបល់ដូចខាងក្រោម ក្នុងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ៖
សម្រាប់មនុស្សម្នាដែលនៅក្នុងតំបន់កាន់តូ ជាពិសេសទីក្រុងតូក្យូ សូមកុំចេញទៅតំបន់គោលដៅខាងក្រោមឲ្យសោះ៖
១៖ នាយកដ្ឋានអន្តោប្រវេសន៍ (入国管理局)
២៖ ស្ថានីយ៍ប៉ូលីសតំបន់ ស៉ីប៊ូយ៉ា (渋谷警察署)
៣៖ អាចនឹងជាតំបន់ប្រជុំជនធំៗនានាក្នុងទីក្រុងតូក្យូ
មូលហេតុដោយសារតែមានសារអនាមិកមួយ ស្តីអំពីប្រកាសប៉ុនប៉ងបំផ្ទុះគ្រាប់បែក ឬសម្លាប់មនុស្សបានផ្ញើចូលទៅនាយកដ្ឋានគោលដៅខាងលើ។ នេះជាសម្ដីដកស្រង់ជាភាសាជប៉ុនរបស់ជនអនាមិក (6月12日の午後3時半に施設内で爆発を起こす。失敗した場合は、職員に刃物で危害を加える)។ បើយោងតាមសេចក្តីរាយការណ៍ ពីប៉ូលីសបានអោយដឹងថា ទង្វើនេះគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងបាតុកម្មទាមទារសិទ្ធិ របស់ជនជាតិស្បែកខ្មៅមកលើប៉ូលីសស្បែកស ដែលរាលមកពីសហរដ្ឋអាមេរិក៕