(ប្រេស៊ីឡា)៖ ក្នុងរយៈពេលត្រឹម ២៤ម៉ោងកន្លងទៅនេះ ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៣០,៤១២នាក់ និងអ្នកស្លាប់ច្រើនជាង ១,២០០នាក់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
ប្រការនេះវាធ្វើឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះកើនដល់ ៨០២,៨២៨ករណីហើយរហូតមកទល់ពេលនេះ ខណៈចំនួនអ្នកស្លាប់វិញបានកើនដល់ ៤០,៩១៩នាក់។ ចំណែកឯចំនួនអ្នកជាសះស្បើយវិញ ៣៤៥,៥៩៥នាក់។ ប្រេស៊ីលជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុតលេខ ២ នៅបន្ទាប់សហរដ្ឋអាមេរិកដែលឈរនៅលេខមួយ ខណៈករណីស្លាប់វិញ ប្រទេសមួយនេះគឺឈរលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត គឺបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ទោះបីជាប្រេស៊ីលមានករណីឆ្លង COVID-19 ច្រើនជាងគេលេខ ២ លើលោកក៏ពិតមែន ក៏រដ្ឋាភិបាលប្រទេសនេះ នៅតែមានផែនការ ដកវិធានការរឹតត្បិតវិញជាបណ្តើរៗ ដើម្បីឲ្យសេដ្ឋកិច្ចដំណើរការឡើងវិញ។ បន្ថែមពីនេះ កាលពីសប្តាហ៍មុនរដ្ឋាភិបាលប្រេស៊ីល ក៏បានព្រមានដកខ្លួនចេញពីអង្គការ WHO ដូចសហរដ្ឋអាមេរិកផងដែរ ក្រោយ WHO ព្រមានប្រទេសធំជាងគេនៅអាមេរិកឡាទីនមួយនេះ អំពីការដកវិធានការរឹតត្បិតវិញលឿនពេក ខណៈមិនទាន់មានសញ្ញាធូរស្រាលពីការរាតត្បាត COVID-19 ផងនោះ៕