(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលក្រុងប៉េកាំងនៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញនេះ រដ្ឋធានីប៉េកាំងបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២៧ករណីបន្ថែមទៀត ដែលសុទ្ធតែជាប្រភេទករណីឆ្លងក្នុងស្រុកទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ទីក្រុងប៉េកាំងបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកសរុបចំនួន ៥២៦នាក់ ដោយក្នុងនោះអ្នកជំងឺ ៤១១នាក់ជាសះស្បើយឡើងវិញ និង ០៩នាក់ស្លាប់។ ប្រការនេះវាធ្វើឲ្យអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនៅឡើយមានចំនួន ១០៦នាក់។ ចំណែកឯករណីប្រភេទនាំចូលពីបរទេសវិញ រហូតមកទល់ពេលនេះប៉េកាំងបានកត់ត្រាចំនួន ១៧៤នាក់ព្យាបាលជាសះស្បើយទាំងអស់ លើកលែងតែម្នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយ ខណៈករណីស្លាប់វិញ គឺមិនមានឡើយសូម្បីតែម្នាក់។
គួរបញ្ជាក់ថា បើគិតអំពីករណីឆ្លងនៅក្នុងប្រទេសចិនទាំងមូលវិញគឺថ្ងៃចន្ទម្សិលមិញនេះអាជ្ញាធរបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៤០នាក់ក្នុងនោះ ៣២នាក់ឆ្លងក្នុងស្រុក (២៧នាក់នៅប៉េកាំង) និង ០៨នាក់ជាប្រទេសករណីនាំចូល។ សរុបមកបច្ចុប្បន្នចិនមានករណីឆ្លង COVID-19 សរុប ៨៣,២២១ករណីក្នុងនោះស្លាប់ ៤,៦៣៤នាក់ និងជាសះស្បើយ ៧៨,៣៧៧នាក់៕