(វែលលីងតុន)៖ នូវែលសេឡង់នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញវីរុសកូរ៉ូណា (COVID-19) លើមនុស្សពីរនាក់ដែលទើបតែធ្វើដំណើរត្រឡប់មកពីចក្រភពអង់គ្លេសវិញ ជាការបិទបញ្ចប់ការមិនមានករណីឆ្លងថ្មីៗ នារយៈពេល ២៤ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋាភិបាលនូវែលសេឡង់ បានដកចេញវិធានការរឹតត្បិតសង្គម និងសេដ្ឋកិច្ច លើកលែងតែការត្រួតពិនិត្យព្រំដែនកាលពីសប្ដាហ៍មុន បន្ទាប់ពីប្រកាសថាខ្លួនមិនមានករណីឆ្លងថ្មី ឬករណីសកម្មនៃ COVID-19 ទៀតឡើយ។ តែទោះជាយ៉ាងនេះក្ដី លោកស្រីនាយករដ្ឋមន្ត្រី ចេស៊ីនដា អាដឺន (Jacinda Ardern) ក៏បានព្រមានទុកជាមុនដែរថា ករណីឆ្លងអាចនឹងផ្ទុះឡើងជាថ្មី នៅពេលដែលប្រជាជននូវែលសេឡង់ មួយចំនួនត្រឡប់មកពីបរទេសវិញ។
គួរបញ្ជាក់ថា ព័ត៌មានលម្អិតពីករណីឆ្លងថ្មីទាំង ០២ខាងលើ នឹងត្រូវបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀស ឬល្ងាចថ្ងៃអង្គារនេះ ហើយបើបូកបញ្ចូលតួលេខឆ្លងថ្មីខាងលើ វានឹងធ្វើឱ្យករណីឆ្លង COVID-19 សរុបនៅក្នុងប្រទេសនូវេលសេឡង់កើនដល់ ១,៥០៦ករណី ក្នុងនោះស្លាប់ ២២នាក់ និងជាសះស្បើយឡើងវិញ ១,៤៨២នាក់៕