(តូក្យូ)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក តារ៉ូ កូណូ (Taro Kono) បានគូសបញ្ជាក់នៅថ្ងៃចន្ទសប្តាហ៍នេះថា ជប៉ុនបានសម្រេចចិត្តបញ្ឈប់ផែនការ ដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល អេជីសអាហ្ស័រ (Aegis Ashore) របស់អាមេរិកវិញ ដោយបានលើកឡើងពីហេតុផលនៃការចំណាយ និងបញ្ហាបច្ចេកទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Japan Times នារសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។
លោក Taro Kono បានប្រាប់អ្នកសារព័ត៌មាននានាថា លោកបានសម្រេចចិត្តបញ្ឈប់ដំណើរការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីល Aegis Ashore ខាងលើ បន្ទាប់ពីរដ្ឋាភិបាលជប៉ុនបានរកឃើញថា វាមានបញ្ហាបច្ចេកទេស និងត្រូវចំណាយច្រើនហួសហេតុពេក។ រដ្ឋមន្ត្រីការពារជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «បើពិចារណាលើថ្លៃដើម និងពេលវេលាដែលវាត្រូវការ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីវិនិច្ឆ័យថា ការបន្តផែនការនេះ គឺមិនសមហេតុផលទេ»។
ការសម្រេចចិត្តនេះ បានកើតឡើងមួយខែបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសមួយនេះ បានបោះបង់ចោលការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលទំនើប ទៅក្នុងបរិវេណកងកម្លាំងស្វ័យការពារនៅទីក្រុងអាគីតា ក្រោយពីមានការតវ៉ាប្រឆាំងយ៉ាងខ្លាំង ពីសំណាក់ប្រជាជនក្នុងស្រុក។
គួរជម្រាបថា កាលពីខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សហរដ្ឋអាមេរិកបានយល់ព្រមលក់ ប្រព័ន្ធប្រឆាំងមីស៊ីលហៅថា Aegis Ashore ចំនួន ០២គ្រឿង និងសព្វាវុធយោធាផ្សេងទៀតទៅឲ្យប្រទេសជប៉ុន ក្នុងតម្លៃប្រមាណ ២,១៥ពាន់លានដុល្លារអាមេរិក។ ប្រព័ន្ធ Aegis Ashore គឺជាប្រភេទដាក់ពង្រាយនៅលើដីគោក នៃប្រព័ន្ធប្រឆាំងមីស៊ីលស្នូលរបស់ទ័ពជើងទឹកអាមេរិក ដែលជប៉ុនមានរួចស្រេចទៅហើយ នៅលើនាវាពិឃាតមួយចំនួនរបស់ខ្លួន។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះ ជប៉ុនសម្រេចទិញពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែង ឥតឈប់ឈរពីសំណាក់គ្រាប់មីស៊ីល កាន់តែទំនើបទៅៗរបស់កូរ៉េខាងជើង៕