(យូធិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានអំពាវនាឲ្យមានកិច្ចចរចាឡើងវិញរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីកាត់បន្ថយភាពភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលកំពុងកើនជាថ្មីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
អ្នកនាំពាក្យការិយាល័យព័ត៌មាននៃអង្គការសហប្រជាជាតិ (UN) ប្រចាំនៅបុរីញូយ៉កបានលើកឡើងថា «លោកអគ្គលេខាធិការ (Antonio Guterres) បានបង្ហាញពីការព្រួយបារម្ភ ជុំវិញភាពតានតឹងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នៅឧបទ្វីបកូរ៉េ។ លោកអគ្គលេខាធិការសូមអំពាវនាវឲ្យកូរ៉េទំាងពីរបន្តកិច្ចចរចាជាមួយគ្នា ដើម្បីអាចឈានរកដំណោះស្រាយសន្តិភាព ដែលប្រជាជនភាគីទាំងសងខាងអាចរស់នៅដោយសន្តិភាព និងប្រកបដោយវិបុលភាព»។
គួរបញ្ជាក់ថា ភាពតានតឹងឡើងវិញរវាងប្រទេសកូរ៉េទាំងពីរ បានកើតមានឡើងបន្ទាប់ក្រុមជនជាតិកូរ៉េខាងជើង ដែលបានរត់ទៅរស់នៅកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នាបង្ហោះខិត្តប័ណ្ណនៅតាមព្រំដែន ដើម្បីសម្តែងការប្រឆាំងចំពោះលោក គីម ជុងអ៊ុន។ ប្រការនេះបានធ្វើឲ្យកូរ៉េខាងជើងខឹងសម្បារ និងទាមទារឲ្យកូរ៉េខាងត្បូង បញ្ឈប់សកម្មក្រុមនោះជាបន្ទាន់ ប៉ុន្តែកូរ៉េខាងត្បូងហាក់មិនបានចាត់វិធានការ ដែលកូរ៉េខាងជើងអាចទទួលយកបាននោះឡើយ។
ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង ក្រោយកូរ៉េខាងជើងបានប្រកាសត្រៀមចេញសកម្មភាពយោធា ឲ្យបានទាន់ពេលតបទៅតាមដំណោះស្រាយ ដែលនឹងត្រូវបញ្ចេញដោយបក្ស និងរដ្ឋាភិបាល នោះគឺការដាក់ពង្រាយយោធាឡើងវិញ នៅតំបន់សេដ្ឋកិច្ចកែសុង (Kaesong) និងតំបន់ភ្នំទេសចរណ៍ គុមហ្គាង (Kumgang) ស្ថិតនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង។ ការថ្លែងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃអង្គារ បន្ទាប់ពីកូរ៉េខាងជើង បានបំផ្ទុះអគារកញ្ចក់កម្ពស់ ៤ជាន់ ដែលជាកន្លែងទទួលមន្ត្រីកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំ ចាប់តាំងពីឆ្នាំ២០១៨ នោះចោលតែម្តង៕