(ញូដេលី)៖ ភាពជាប់គាំង និងភាពតានតឹងផ្នែកយោធារវាងចិន និងឥណ្ឌា នៅតាមតំបន់ព្រំដែននៃជួរភ្នំ Himalayas បានអូសបន្លាយអស់រយៈពេលជាច្រើនខែ មកហើយ រហូតដល់បង្កជាការផ្ទុះអាវុធដាក់គ្នាកាលពីយប់ថ្ងៃចន្ទ ដើមសប្ដាហ៍នេះ និងបណ្ដាលឱ្យភាគីទាំងសងខាងស្លាប់ និងរបួសជាច្រើននាក់។ ជម្លោះដ៏ក្ដៅគគុកបែបនេះមិនធ្លាប់ កើតឡើងឡើយអស់រយៈពេលរាប់សិបឆ្នាំមកនេះ រវាងមហាយក្សអាស៊ីទាំង២ ដែលសុទ្ធសឹងតែមានអាវុធនុយក្លេអ៊ែរ ហើយវាក៏បានបង្កជា ការព្រួយបារម្ភផងដែរដោយ ខ្លាចក្រែងជម្លោះព្រំដែនបច្ចុប្បន្ន អាចនឹងអូសចិន និងឥណ្ឌាឱ្យធ្លាក់ចូលក្នុងសង្រ្គាម ដូចកាលពីឆ្នាំ១៩៦២។

*តើមានអ្វីកើតឡើងនៅក្នុងការប៉ះទង្គិចគ្នាមួយប្រាវ?

បើតាមយោធាឥណ្ឌា កងទ័ពឥណ្ឌារហូតដល់ទៅ ២០នាក់បានស្លាប់ នៅក្នុងជម្លោះប្រដាប់អាវុធជាមួយចិន កាលពីយប់ថ្ងៃចន្ទ នៅឯតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ក្នុងតំបន់ជម្លោះ អាកសៃ ជីនឡាដាក (Aksai Chin-Ladakh) ដែលជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ព អស់រយៈពេលជាច្រើនសប្តាហ៍ មកហើយ ទាំងនៅខាងដែនដីរបស់ចិន និងនៅខាងដែនដីរបស់ឥណ្ឌា។ ប៉ុន្តែ យោធាចិនមិនបានបញ្ជាក់ពីចំនួនកងទ័ពរបស់ខ្លូនដែលស្លាប់ ឬក៏របួសនោះទេ ហើយ ក៏បានអះអាងផងដែរថាកងទ័ពឥណ្ឌាបានឆ្លងព្រំដែនចូលមកក្នុងទឹកដីចិន ដល់ទៅ២ដង និងជាអ្នកបង្ករឿង ហើយវាយប្រហារមកកងទ័ពចិនមុន។

* ហេតុអ្វីបានជាមានជម្លោះ?

យោធានៃមហាយក្សាអាស៊ីទាំង២ បានស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់រៀងៗខ្លួនរាប់ទសវត្សរមកហើយ ដោយសារជម្លោះទឹកដី នៅតាមតំបន់ព្រំដែនប្រវែង ៣,៤៤០គីឡួម៉ែត្រ។ ការប្រឈ មុខដាក់គ្នារវាងកងទ័ពចិន និងឥណ្ឌា បានផ្ទុះឡើងខ្លាំងកាលពីប៉ុន្មានខែមុននេះ ក្រោយឥណ្ឌាសង់ផ្លូវថ្មីមួយខ្សែនៅក្នុងតំបន់ Ladakh ស្ថិតនៅតាមបណ្ដោយខ្សែបន្ទាត់គ្រប់គ្រងជួរមុខ LAC (Line of Actual Control) ដែលខណ្ឌចែកប្រទេសទាំងពីរ។ ផ្លូវមួយខ្សែនេះ បានធ្វើឱ្យចិនផ្ទុះកំហឹងជាខ្លាំង រហូតដល់ត្រូវដាក់ពង្រាយកងទ័ព និងសង់ហេដ្ឋារចនាសម្ព័ន្ធនៅលើតំបន់ជម្លោះជាការឆ្លើយតបទៅនឹងឥណ្ឌា។

* តើសង្រ្គាមរវាងចិន និងឥណ្ឌា នឹងផ្ទុះឡើងដែរឬទេ?

សង្រ្គាមរវាងចិន និងឥណ្ឌា កើតឬមិនកើតឡើង គេពិបាកព្យាករណាស់ ប៉ុន្តែអ្វីដែលគេដឹងនោះគឺថាបើសិនជាសង្រ្គាមផ្ទុះឡើងមែន គ្រោះមហន្តរាយដ៏ធំមហិមា និងអស្ថេរភាពទូទាំងតំបន់ ប្រាកដជាមិនជៀសបានឡើយ។ ចិន និងឥណ្ឌា ធ្លាប់មានសង្រ្គាមព្រំដែនម្ដងរួចមកហើយកាលពីឆ្នាំ១៩៦២ ជាពេលដែលឥណ្ឌាបរាជ័យ ក្រោមដៃចិនយ៉ាងអាម៉ាស់។ ប៉ុន្តែ ស្ថានភាពបច្ចុប្បន្ន គឺផ្ទុយគ្នាស្រឡះកាលពីឆ្នាំ១៩៦២ នោះគឺទាំងចិន និងឥណ្ឌា សុទ្ធតែមានអាវុធនុយក្លេអ៊ែររៀងៗខ្លួន ដែលធ្វើឱ្យ ភាគីទាំង២ញញើតគ្នាទៅវិញទៅមក។

ក្រុមអ្នកជំនាញភាគច្រើនក៏យល់ដែរថា សង្រ្គាមរវាងចិន និងឥណ្ឌា ទំនងជានឹងមិនអាចផ្ទុះឡើងជាថ្មីក្នុងពេលអនាគតដ៏ខ្លីនោះទេ ដ្បិតភាគីទាំង២ដឹងថា គ្រោះមហន្តរាយ និងការខូចខាតមានទំហំធំមហិមាសម្រាប់សេដ្ឋកិច្ចជាតិ។ ដូច្នេះ ទោះជាមានជម្លោះក៏ពិតមែន តែទីក្រុងប៉េកាំង និងទីក្រុងញូដេលី មុខជានឹងដាក់កំហិតលើខ្លួនឯង ជាពិសេសគឺចិនតែម្ដង ដែលមិនចង់ឱ្យជម្លោះសព្វថ្ងៃរាលដាលទៅជាសង្រ្គាមនោះទេ ពីព្រោះវាមានតែផ្ដល់ចំណេញខាងភូមិសាស្ត្រនយោបាយដល់សហរដ្ឋអាមេរិក ដើម្បីឡោមព័ទ្ធចិនតែប៉ុណ្ណោះ។ នៅក្នុងកែវភ្នែកថ្នាក់ដឹកនាំចិន សហរដ្ឋអាមេរិកតែងតែរំពឹងថាអាចនឹងអូសចិនឱ្យធ្លាក់ចូលក្នុងជម្លោះណាមួយ ដើម្បីបង្អាក់ការរីកចម្រើន ទៅមុខនៃសេដ្ឋកិច្ចចិន។

គួរជម្រាបថា ខណៈកំពុងមានជម្លោះនឹងគ្នា នៅពីក្រោយឆាកឯណេះវិញ បើតាមទីក្រុងញូដេលី មន្ត្រីយោធាជាន់ខ្ពស់ចិន និងឥណ្ឌា កំពុងពិភាក្សាគ្នាហើយ ដើម្បីបន្ធូរបន្ថយ ភាពតានតឹងបច្ចុប្បន្ន ស្របពេលសហរដ្ឋអាមេរិក អះអាងថាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជុំវិញការវិវត្តស្ថានការណ៍នៅតំបន់ព្រំដែននៃមហាយក្សអាស៊ីទាំង២។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាលោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាអាជ្ញាកណ្ដាលដោះស្រាយជម្លោះរវាងចិន និងឥណ្ឌា បន្ទាប់ពីមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់ ជំរុញឱ្យ ទីក្រុងញូដេលី ងើបឡើងត្រៀមខ្លួនប្រឆាំងនឹងការឈ្លានពានណាមួយរបស់ចិន។ ប៉ុន្តែ ទាំងចិន និងឥណ្ឌា បានបញ្ជាក់ រៀងៗខ្លួនថាមិនត្រូវការឱ្យទីក្រុងវ៉ាស៊ីនតោន លូកដៃក្នុងជម្លោះនេះទេ ដោយប្រទេសទាំង២ នឹងដោះស្រាយបញ្ហាទាំងឡាយដោយខ្លួនឯង៕

ប្រភព៖ BBC (ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០)