(ញូដេលី)៖ ទិន្នន័យចុងក្រោយបង្អស់ស្តីអំពីស្ថានភាព COVID-19 ដែលបានផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានបង្ហាញថា តួលេខអ្នកជំងឺ COVID-19 ដែលស្លាប់នៅក្នុងប្រទេសរបស់ខ្លួនបានកើនដល់ ១១,៩០៣នាក់ហើយ ខណៈករណីឆ្លងសរុបវិញបានកើនដល់ ៣៥៤,០៦៥ករណី។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានស៊ីនហួរនាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០។
ប្រកាសនេះ វាបានធ្វើឲ្យឥណ្ឌាជាប្រទេសជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ដែលមានចំនួនអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុត និងជាប់ចំណាត់ថ្នាក់លេខ ១ ប្រចាំអាស៊ីទាំងមូលតែម្តង។ ចំណែកឯករណីស្លាប់វិញ ប្រទេសអាស៊ីខាងត្បូងមួយនេះជាប់ចំណាត់លេខ ៨ នៅទូទាំងពិភពលោកនៃបណ្តាប្រទេស ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។
នារយៈពេលចុងក្រោយនេះឥណ្ឌាត្រូវបានគេចាត់ទុកថា កំពុងឆ្លងកាត់ស្ថានការណ៍លំបាកបំផុត នៅចំពោះមុខ COVID-19។ បើក្រឡេកមើលទៅលើអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ គឺមានការកើនឡើងយ៉ាងគំហុកពុំធ្លាប់មានពីមុនមកឡើយ។ ប្រទេសមួយនេះបានបន្តបំបែកកំណត់ត្រាថ្មី ជិតមួយសប្តាហ៍ជាប់ៗគ្នាមកហើយ ដោយក្នុងមួយថ្ងៃឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មីលើសពី ១០,០០០ ករណីឯណោះ និងករណីស្លាប់ពីចន្លោះ ៣០០នាក់ ទៅ ៤០០នាក់។
គួរជម្រាបថា នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសខាងលើនេះ តាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19។ ប៉ុន្តែស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕