(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានទទួលស្គាល់ជាផ្លូវការ អំពីការកាត់បន្ថយកងទ័ពអាមេរិក មួយចំនួនធំ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយសារតែអាល្លឺម៉ង់មិនបានចេញថ្លៃចំណាយ ទៅតាមអ្វីដែលខ្លួនគួរចំណាយ។ ប៉ុន្តែ ខណៈទីក្រុង ម៉ូស្គូ សម្ដែងការស្វាគមន៍ចំពោះ ការសម្រេចចិត្តនេះ សម្ព័ន្ធមិត្ត NATO កាន់តែច្រើនឡើងបង្ហាញការសង្ស័យរឹតតែខ្លាំង ចំពោះការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្លុកយោធាមួយនេះ និងសម្ព័ន្ធមិត្ត លោកខាងលិច ពីការគំរាមកំហែងពីសំណាក់រុស្ស៊ី។
កាលពីឆ្នាំ២០១៤ ប្រទេសជាសមាជិកអង្គការ NATO ទាំងអស់ បានឯកភាពគ្នាថានឹងបង្កើនកញ្ចប់ថវិកាយោធាចំនួន ២ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុបរបស់ខ្លួន នៅត្រឹមឆ្នាំ ២០២៤។ មកទល់នឹងពេលនេះ មានប្រទេសចំនួន៨ ប៉ុណ្ណោះ ដែលបានបង្កើនកញ្ចប់ថវិកាយោធាដល់ ២ភាគរយ ហើយប្រទេសដទៃមានគម្រោងបំពេញតាមគោលដៅឱ្យបានមុន ឆ្នាំ២០២៤។ ចំណែកឯ អាល្លឺម៉ង់វិញ មិនបានសម្រេចតាមគោលដៅនេះឡើយ ដោយសង្ឃឹមថាខ្លួនអាចនឹងសម្រេចឱ្យបាននៅឆ្នាំ២០៣១។
* ហេតុអ្វីបានជាលោក ដូណាល់ ត្រាំ កាត់បន្ថយកងទ័ពចេញពីអាល្លឺម៉ង់?
នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅសេតវិមាន លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ចំនួនកងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ នឹងត្រូវកាត់បន្ថយពី ៣៥,០០០នាក់ មកនៅត្រឹម ២៥,០០០ប៉ុណ្ណោះ។ បើតាមលោក ត្រាំ ការសម្រេចចិត្តបែបនេះ ដោយសារតែអាល្លឺម៉ង់ មិនបានចេញថ្លៃចំណាយដល់អង្គការ NATO ទៅតាមអ្វីដែលខ្លួនគួរចំណាយ។ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ជាពិសេសគឺទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងលោកស្រីអធិការបតី អាន់ជែលឡា មឺគែល មានភាពល្អក់កករនឹងគ្នា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីទីក្រុងប៊ែរឡាំង ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍបំពង់ឧស្ម័ន Nord Stream 2 ជាមួយរុស្ស៊ី ហើយវារឹតតែតានតឹងឡើងក្រោយ លោកស្រី មឺគែល បដិសេធការអញ្ជើញរបស់លោក ត្រាំ ឱ្យចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលដំបូងគ្រោងនឹងប្រព្រឹត្តទៅនឹងចុងខែមិថុនា នេះដោយសារតែការ ឆ្លងរាតត្បាត COVID-19។
តែយ៉ាងណាក៏ដោយ សេតវិមាន បានច្រានចោលចំពោះការលើកឡើងថា ការសម្រេចចិត្តកាត់បន្ថយកងទ័ពអាមេរិក ចេញពីប្រទេសអាល្លឺម៉ង់ គឺជាការសងសឹកទៅនឹងលោកស្រី មឺគែល សម្រាប់ការបដិសេធការអញ្ជើញរបស់លោកប្រធានាធិបតីអាមេរិក។ ដោយឡែក បើតាមលោកស្រី Daniela Schwarzer មកពីក្រុមប្រឹក្សាអាល្លឺម៉ង់ សម្រាប់ទំនាក់ទំនង ការបរទេស ការសម្រេចចិត្តរបស់លោក ត្រាំ អាចមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នយោបាយនៅក្នុងស្រុក ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកកាន់តែខិតជិតមកដល់។
លោកស្រី Daniela បានលើកឡើងប្រាប់សារព័ត៌មាន Euronews ដូច្នេះថា៖ «នៅប៉ុន្មានខែ មុនការបោះឆ្នោត នៅខែវិច្ឆិកា ចូលមកដល់ ការកាត់បន្ថយកងទ័ពអាមេរិកចេញពី អាល្លឺម៉ង់ អាចជាប្រយោជន៍នយោបាយនៅក្នុងស្រុកមួយ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទាក់ទាញសន្លឹកឆ្នោតពីប្រជាជនអាមេរិក ដែលបានបង្ហាញ ការធុញទ្រាន់ជាយូរណាស់មកហើយ ចំពោះវត្តមានយោធាអាមេរិកនៅឯបរទេស។ ដូច្នេះក្នុងន័យនេះ លោក ត្រាំ ធ្វើបែបនេះ ទី១គឺចង់បំពេញបំណងប្រជាជនអាមេរិកភាគច្រើន និងទី២ គឺលោកចង់បង្ហាញឱ្យសម្ព័ន្ធមិត្តដទៃ ឃើញថាសហរដ្ឋអាមេរិកកំពុងដាក់ពិន័យអាល្លឺម៉ង់ ដែលហ៊ានមិនធ្វើតាមសំណើរបស់ទីក្រុង វ៉ាស៊ីនតោន និងឱ្យពួកគេដឹងពី សារៈសំខាន់ នៃវត្តមានយោធាអាមេរិក»។
ការកាត់បន្ថយ ឬដកកងទ័ព គឺជាគោលនយោបាយ និងការសន្យារបស់លោក ត្រាំ ដែលចង់នាំកងទ័ពអាមេរិក ត្រឡប់មកផ្ទះវិញ។ ក្រៅតែពីអាល្លឺម៉ង់ លោក ត្រាំ ក៏ធ្លាប់បានប្រកាស ពីការកាត់បន្ថយកងទ័ពចេញពីកូរ៉េខាងត្បូង ជប៉ុន ស៊ីរី អ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថានផងដែរ។
* ដកកងទ័ពចេញពីអាល្លឺម៉ង់ ទៅដាក់នៅប៉ូឡូញ?
ក្រោយទទួលបានដំណឹងពីការកាត់បន្ថយកងទ័ពអាមេរិកចេញពីអាល្លឺម៉ង់ រដ្ឋាភិបាលប៉ូឡូញ បានចេញមុខប្រកាសភ្លាមៗពីបំណងចង់ទទួលស្វាគមន៍កងទ័ពអាមេរិកទាំងនោះ ឱ្យ មកឈរជើងនៅលើទឹកដីរបស់ខ្លួន ដើម្បីជួយការពារការគំរាមកំហែងពីរុស្ស៊ី។ លោក ដូណាល់ ត្រាំ ធ្លាប់បានសរសើរប៉ូឡូញ ថាបានចូលរួមចំណែកកញ្ចប់ថវិកាយោធាដល់អង្គការ NATO តាមគោលដៅ ហើយលោកក៏បានបង្ហាញពីបំណងបង្កើនចំនួនយោធាអាមេរិក នៅទឹកដីប៉ូឡូញ ផងដែរ។ ប៉ុន្តែ រុស្ស៊ីបានជំទាស់យ៉ាងខ្លាំងនឹងផែនការនេះ ជាមួយការព្រមាន ទុកជាមុនកុំឱ្យសហរដ្ឋអាមេរិក បញ្ជូនកងទ័ពដែលដកពីអាលឺ្លម៉ង់មកកាន់ប្រទេសក្នុងតំបន់អឺរ៉ុប ដែលមានព្រំដែនជាប់រុស្ស៊ីឱ្យសោះ។
* តើប្រជាជនអាល្លឺម៉ង់ ខ្វល់ពីការកាត់បន្ថយកងទ័ពអាមេរិក ឬទេ?
បើតាមការស្ទង់មតិមួយរបស់មជ្ឈមណ្ឌល Pew Research Center កាលពីខែកញ្ញា ឆ្នាំ២០១៩ ប្រជាជនអាល្លឺម៉ង់ ៤៥ភាគរយ និយាយថាមូលដ្ឋានទ័ពអាមេរិក មិនមានសារៈសំខាន់ សម្រាប់សន្តិសុខជាតិរបស់ពួកគេឡើយ ខណៈ១៥ភាគរយប៉ុណ្ណោះ យល់ថាមូលដ្ឋានទ័ពអាមេរិកពិតជាមានសារៈសំខាន់សម្រាប់សន្តិសុខជាតិអាល្លឺម៉ង់។ ផ្ទុយទៅវិញ ប្រជាជន អាមេរិក ៥៦ភាគរយ បាននិយាយថាមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីអាល្លឺម៉ង់ មានសារៈសំខាន់ដល់សន្តិសុខជាតិអាមេរិក។
បន្ថែមពីលើនេះ ការស្ទង់មតិរបស់ Pew Research Center ក៏បានឱ្យដឹងដែរថា ប្រជាជនអាមេរិក ៦០ភាគរយយល់ថាសហរដ្ឋអាមេរិក គួរតែប្រើប្រាស់កម្លាំងយោធាដើម្បីការពារ សមាជិក NATO នៅក្នុងករណីដែលជម្លោះជាមួយរុស្ស៊ីផ្ទុះឡើង។ ប៉ុន្តែ ប្រជាជនអាល្លឺម៉ង់ ៦០ភាគរយដូចគ្នានិយាយថាប្រទេសរបស់ពួកគេ គួរតែនៅឱ្យឆ្ងាយពីជម្លោះជាមួយរុស្ស៊ី។
* តើអាល្លឺម៉ង់ ពិតជាត្រូវការកងទ័ពអាមេរិកមែនទេ?
នៅក្នុងអត្ថបទមួយចុះផ្សាយ នៅលើសារព័ត៌មាន Foreign Policy កាលពីថ្ងៃទី០៩ ខែមិថុនា លោក Michael John Williams ជាអ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ និងជាអតីត ទីប្រឹក្សាក្រសួងការបរទេសអាមេរិក បាននិយាយថា វត្តមានកងទ័ពអាមេរិកនៅលើទឹកដីអាល្លឺម៉ង់ បម្រើឱ្យផលប្រយោជន៍សន្តិសុខជាតិអាល្លឺម៉ង់ តិចជាងផលប្រយោជន៍របស់ សហរដ្ឋអាមេរិក។ លោកបន្ថែមថា ក្នុងន័យនេះសហរដ្ឋអាមេរិក ពិតជាត្រូវការមូលដ្ឋានទ័ពអាល្លឺម៉ង់ ជាងអាល្លឺម៉ង់ត្រូវការអាមេរិកទៅទៀត ព្រោះបើគ្មានមូលដ្ឋានទ័ពនៅអាល្លឺម៉ង់ នោះវានឹងបង្កផលលំបាកយ៉ាងខ្លាំងដល់ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅអឺរ៉ុប តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក៕
ប្រភព៖ The Hill (ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០)