(ប៉េកាំង)៖ នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញ ប្រទេសចិនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ COVID-19 ចំនួន ២៨ ករណីបន្ថែមទៀត ដោយក្នុងនោះមាន ២៤ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៤ ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើយោងតាម ការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
បើតាមការបញ្ជាក់ពីគណៈកម្មការសុខភាពជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ២៤ ករណីខាងលើនេះ រដ្ឋធានីប៉េកាំងបានរ៉ាប់រ៉ងចំនួន ២១ ករណីតែឯង។ ចំណែកឯ ០៣ ករណីទៀតត្រូវបានរាយការណ៍ចេញពីខេត្តហ៊ូប៉ី (Hebei) ចំនួន០២ ករណី និង០១ករណីពីទីក្រុងធានជីន (Tianjin)។
ដោយឡែកសម្រាប់រយៈពេលដូចគ្នានេះ អាជ្ញាធរសុខាភិបាលចិន ក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១៥នាក់ទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៣៩៤នាក់។
គួរជម្រាបថា បើបូកបញ្ចូលទាំងករណីឆ្លងថ្មីៗទាំង ២៨ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨៣,២៩៣ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់៕