(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់អតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺ លោក John Bolton ថាកំពុងប្រព្រឹត្តខុសច្បាប់តាមរយៈការបោះពុម្ពផ្សាយសៀវភៅមួយ ដែលបរិយាយអំពីពេលវេលាកាលពីលោកនៅបំពេញការងារក្នុងសេត វិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
ក្នុងបទសម្ភាសន៍មួយជាមួយពិធីករស្ថានីយទូរទស្សន៍ Fox News នៅយប់ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) លោក ត្រាំ បាននិយាយដូច្នេះថា «វាសាមញ្ញាបំផុត គឺលោក Bolton បានល្មើសច្បាប់ ព្រោះរឿងពាក់ព័ន្ធនៅក្នុងសេតវិមានជាការណ៍សម្ងាត់»។ យោង តាមសំណេរមួយដកស្រង់ចេញពីសៀវភៅរបស់លោក John Bolton មានចំណងជើងថា «The Room Where It Happened» ដែលគ្រោង ចេញផ្សាយ នៅថ្ងៃទី២៣ ខែមិថុនា លោក ត្រាំ ធ្លាប់បានស្នើឲ្យប្រធានាធិបតីចិន លោក ស៉ី ជិនពីង ជួយរូបលោកឲ្យឈ្នះឆ្នោតមួយអាណត្តិ ទៀត។
គួរជម្រាបថា រដ្ឋបាល លោក ដូណាល់ ត្រាំ ក៏បានព្យាយាមរកវិធីឲ្យតុលាការសហព័ន្ធនៅទីក្រុងវ៉ាស៉ីនតោន បញ្ឈប់គម្រោងបោះពុម្ពផ្សាយ សៀវភៅរបស់លោក Bolton ដែរ តាមរយៈការអះអាងថា លោក Bolton បានបញ្ចូលព័ត៌មានសម្ងាត់មួយចំនួនទៅក្នុងសៀវភៅរបស់ លោក ដោយពុំមានការអនុញ្ញាត។ លោក John Bolton ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨ ហើយលោកត្រូវបាន លោក ត្រាំ បណ្ដេញពីតំណែងដោយសារការខ្វែងគំនិតលើបញ្ហាជាច្រើន នៅខែកញ្ញា ឆ្នាំ២០១៩៕