(វ៉ាស៊ីនតោន)៖ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បុលតុន (John Bolton) បានទម្លាយរឿងអាស្រូវជាច្រើនរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងសៀវភៅថ្មីមួយរបស់លោកមានចំណងជើងថា «The Room Where It Happened» ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ។ លោក ចន បុលតុន ត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិក កាលពីខែមេសា ឆ្នាំ២០១៨ ហើយលោកត្រូវបានលោក ត្រាំផ្ទាល់ បណ្ដេញពីតំណែងដោយសារ ការខ្វែងគំនិតលើបញ្ហាជាច្រើន នៅខែកញ្ញា ឆ្នាំ២០១៩។
ជុំវិញគម្រោងចេញផ្សាយសៀវភៅនេះដែរ លោក ត្រាំ បានហៅលោក បុលតុន ថាជា «មនុស្សក្បត់» ហើយបានបង្គាប់ឱ្យក្រសួងយុត្តិធម៌អាមេរិក ដាក់ពាក្យប្ដឹងតាម ផ្លូវច្បាប់ ដើម្បីរារាំងកុំឱ្យសៀវភៅរបស់លោក បុលតុន អាចចេញផ្សាយបាន។ តើហេតុអ្វីបានជាលោក ដូណាល់ ត្រាំ មិនចង់ឱ្យសៀវភៅនេះចេញផ្សាយ? ហើយថាតើ វាអាចនឹងធ្វើឱ្យបំផ្លាញមហិច្ឆិតាចង់ជាប់ឆ្នោតមួយអាណត្តិទៀត របស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០នេះដែរឬទេ?
ខាងក្រោមនេះគឺជារឿងអាស្រូវរបស់លោក ត្រាំ ដែលមានសរសេររៀបរាប់នៅក្នុងសៀវភៅ «The Room Where It Happened» និងត្រូវបានដកស្រង់ចេញផ្សាយបន្ត ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖
*លោក ត្រាំ ស្នើឱ្យលោក ស៊ី ជិនពីង ជួយឱ្យលោកឈ្នះនៅក្នុងការបោះឆ្នោតឆ្នាំ២០២០
បើតាមការដកស្រង់អត្ថបទចេញពីសៀវភៅរបស់លោក ចន បុលតុន ដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានអាមេរិកធំៗ New York Times និង Washington Post កំឡុងជំនួបជាមួយលោក ស៊ី ជិនពីង នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុង អូសាកា ប្រទេសជប៉ុន កាលពីខែមិថុនា ឆ្នាំ២០១៩ លោក ដូណាល់ ត្រាំ បានសុំឱ្យប្រធានាធិបតីចិនរូបនេះ ជួយឱ្យលោកជាប់ឆ្នោតមួយអាណត្តិទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈការបង្កើន ការទិញផលិតផលកសិកម្មពីកសិករអាមេរិក។
នៅក្នុងជំនួបជាមួយលោក ស៊ី លោក ត្រាំ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាកសិករអាមេរិក និងការបង្កើនការទិញផលិតផលកសិកម្មដូចជាសណ្ដែកសៀង ជាដើម នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចនឹងជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោត។ នៅពេលប្រធានាធិបតីចិន យល់ព្រមបើកកិច្ចពិភាក្សាលើការបង្កើន ការទិញផលិតផលកសិកម្មអាមេរិកជាអទិភាព លោក ត្រាំ ថែមទាំងបានហៅលោក ស៊ី ថាជាមេដឹកនាំដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្រចិនទៀតផង។ ប៉ុន្តែ តំណាង ពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានអះអាងថាការស្នើសុំជំនួយពីលោក ស៊ី ជិនពីង បែបនេះគឺមិនធ្លាប់កើតឡើងឡើយ។
*លោក ត្រាំ ប្រាប់លោក ស៊ី ថាប្រជាជនអាមេរិក ចង់ឱ្យលោកធ្វើជាប្រធានាធិបតីលើសពី ២អាណត្តិ
លោក ដូណាល់ ត្រាំ បានគំាទ្រគំនិតលុបចោលការកំណត់អាណត្តិប្រធានាធិបតី របស់លោក ស៊ី ជិនពីង។ នៅពេលលោកប្រធានាធិបតីចិន និយាយថាលោកចង់ធ្វើការ ជាមួយរូបលោក ៦ឆ្នាំបន្ថែមទៀត លោក ត្រាំ បានឆ្លើយវិញភ្លាមៗថាប្រជាជនអាមេរិក ចង់ឱ្យលោកធ្វើជាប្រធានាធិបតីលើសពី ២អាណត្តិ តាមរយៈការលុបចោល ការកំណត់អាណត្តិប្រធានាធិបតីត្រឹមពីរអាណត្តិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញអាមេរិកបច្ចុប្បន្ន។ លើសពីនេះទៅទៀត នៅពេលលោក ស៊ី និយាយថា សហរដ្ឋអាមេរិក មានការបោះឆ្នោតច្រើនពេក ហើយថាមិនចង់ឃ្លាតឆ្ងាយពីរូបលោក លោក ត្រាំ បានងក់ក្បាលយល់ព្រមភ្លាមៗ។
* លោក ត្រាំ សរសើរលោក ស៊ី ពាក់ព័ន្ធនឹងជំរុំឃុំឃាំងជនជាតិភាគតិច Uighur
បើតាមលោក ចន បុលតុន លោក ដូណាល់ ត្រាំ បានឯកភាព នៅពេលលោក ស៊ី និយាយការពារ និងច្រានចោលរាល់ការថ្កោលទោសមកលើចិន ពាក់ព័ន្ធនឹងជំរុំឃុំឃាំង ជនជាតិភាគតិចម៉ូស្លីម Uighur នៅក្នុងតំបន់ស៊ីនជាំង ពីរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ។ នៅក្នុងសៀវភៅរបស់ខ្លួន លោក បុលតុន បន្តដូច្នេះទៀត ថា៖ «ផ្អែកលើអ្នកបកប្រែរបស់យើង លោកប្រធានាធិបតី ត្រាំ បានប្រាប់លោក ស៊ី ថាទីក្រុងប៉េកាំង គួរតែបន្តសាងសង់ជំរុំឃុំឃាំងជនជាតិភាគតិច Uighur ព្រោះវាគឺពិត ជារឿងត្រឹមត្រូវដែលចិនធ្វើ»។
* មន្ត្រីជាន់ខ្ពស់របស់លោក ត្រាំ សើចចំអករូបលោក នៅពីក្រោយខ្នង
នៅក្នុងសម្រង់អត្ថបទចេញពីសៀវភៅ «The Room Where It Happened» ចេញផ្សាយបន្តដោយកាសែត New York Times លោក បុលតុន បានទទួលកំណត់ហេតុ មួយពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ឆ្នាំ២០១៨ ដោយនិយាយថា លោកត្រាំគឺជា «មនុស្សឡប់និយាយមិនដឹងអី»។ មិនតែប៉ុណ្ណោះ លោក ប៉ុមប៉េអូ ក៏ធ្លាប់បាននិយាយពីក្រោយខ្នងដែរថា ការទូតរដោះស្រាយបញ្ហាជាមួយកូរ៉េខាងជើង របស់លោក ដូណាល់ ត្រាំ គឺមិនជោគជ័យឡើយ។
*លោក ត្រាំ គិតថាប្រទេសហ្វាំងឡង់ ជាមួយផ្នែករបស់រុស្ស៊ី
លោក ចន បុលតុន បាននិយាយថាលោក ដូណាល់ ត្រាំ ហាក់ដូចជាមិនមានចំណេះដឹងទូទៅជាមូលដ្ឋានឡើយ ពីចក្រភពអង់គ្លេស ដោយលោកបានសួរទៅកាន់ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ដូច្នេះថា៖ «អូ! អ្នក (អង់គ្លេស) គឺជាមហាអំណាចនុយក្លេអ៊ែរមែនទេ?»។ លោក បុលតុន ក៏បានអះអាងដែរថា លោក ត្រាំ ថែមទាំងសួរថាតើប្រទេសហ្វាំងឡង់ ជាផ្នែកមួយនៃទឹកដីរុស្ស៊ី និងមានការភ័ន្តច្រឡំពីអតីត និងប្រធានាធិបតីអាហ្វហ្គានីស្ថានបច្ចុប្បន្ន ផងដែរ។
*លោក ត្រាំ ថាវេណេស៊ុយអេឡា ជាផ្នែកមួយរបស់សហរដ្ឋអាមេរិក
បើតាមកាសែត Washington Post លោក បុលតុន បានអះអាងថាការឈ្លានពានប្រទេសវេណេស៊ុយអេឡា គឺជារឿងល្អបំផុត ហើយថាវេណេស៊ុយអេឡាគឺជាផ្នែក មួយនៃទឹកដីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សៀវភៅថ្មីរបស់លោក ចន បុលតុន មានចំណងជើង «The Room Where It Happened» គ្រោងនឹងចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្គាប់ឱ្យក្រសួងយុត្តិធម៌អាមេរិក ដាក់ពាក្យប្ដឹងតាម ផ្លូវច្បាប់ ដើម្បីរារាំងកុំឱ្យសៀវភៅរបស់លោក បុលតុន អាចចេញផ្សាយបាន។ អ្នកជំនាញច្បាប់មួយចំនួន យល់ថាការដាក់ពាក្យប្ដឹងនេះអាចនឹងទទួលបរាជ័យ ដូចកាលពីឆ្នាំ១៩៧១ ជាពេលដែលតុលាការកំពូលអាមេរិក ទាត់ចោលការព្យាយាមបិទខ្ទប់ការចេញផ្សាយរបាយការណ៍មួយរបស់មន្ទីរបញ្ចកោណ ដោយអតីតរដ្ឋបាលប្រធានាធិបតអាមេរិក លោក Richard Nixon៕
ប្រភព៖ Business Insider (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០)