(តូក្យូ)៖ អតីតរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោក កាត់សូយូគិ កាវ៉ាអ៉ិ (Katsuyuki Kawai) និងភរិយារបស់លោកដែលជាសមាជិកសភាម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅថ្ងៃព្រហស្បតិ៍នេះ ក្រោមបទសង្ស័យទិញសន្លឹកឆ្នោត ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ។ នេះបើតាមទូរទស្សន៍ជប៉ុន NHK ចេញផ្សាយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
ទូរទស្សន៍ជប៉ុន NHK បានឱ្យដឹងទៀតថា ក្រុមព្រះរាជាអាជ្ញាជប៉ុនបានសង្ស័យថា លោក Katsuyuki Kawai និងភរិយាគឺលោកស្រី អានរិ កាវ៉ាអ៉ិ (Anri Kawai) បានចំណាយលុយរាប់លានយ៉េន ដើម្បីទិញសន្លឹកឆ្នោត នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុន កាលពីឆ្នាំ២០១៩ ជាពេលដែលលោកស្រី Anri Kawai ជាប់ឆ្នោតជាសមាជិកសភា។
ទោះបីស្ថិតនៅក្រោមការសង្ស័យក្តី ក៏ការឃាត់ខ្លួនលោក Katsuyuki Kawai ត្រូវបានគេរំពឹងថា អាចនឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ្សូ ដ្បិតរដ្ឋមន្ត្រីយុត្តិធម៌រូបនេះ គឺជាធ្លាប់មនុស្សជំនិតម្នាក់របស់លោក អាបេ។ លោក Katsuyuki Kawai បានលាលែងចេញពីតំណែងជារដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន កាលពីខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រពន្ធរបស់លោកមានជាប់ពាក់ព័ន្ធនឹង ទង្វើមិនប្រក្រតីក្នុងការបោះឆ្នោត៕