(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានលើកឡើងថា សហរដ្ឋអាមេរិកនឹងមិនចាត់វិធានការបិទប្រទេសជាលើកទី ២ នៅចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 ឡើយ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងមិនបិទខ្ទប់ប្រទេសម្តងទៀតឡើយ។ យើងនឹងមិនធ្វើវាទេ»។ ការលើកឡើងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមន្ត្រីទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានគឺ លោក ឡារី ឃូដឡូ (Larry Kudlow) និងរដ្ឋមន្ត្រីក្រសួងរតនាគារជាតិ លោក ស្ទេវិន ម៉ានូឈីន (Steven Mnuchin) បាននិយាយថា សហរដ្ឋអាមេរិកមិនអាច បិទសកម្មភាពសេដ្ឋកិច្ចម្តងទៀត នៅចំពោះមុខ COVID-19 ទេ។
គួរជម្រាបថា រហូតមកទល់ពេលនេះ ស្ថានការណ៍ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក ហាក់មិនទាន់ធូរស្បើយនៅឡើយទេ ខណៈដែលតួលេខអ្នកឆ្លង និងស្លាប់ត្រូវបានកើនឡើងជារៀងរាល់ថ្ងៃឡើងវិញ ក្រោយការបើកទ្វាររដ្ឋនានា និងការធ្វើបាតុកម្មស្វែងរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ កាលពីប៉ុន្មានសប្តាហ៍មុន។ បច្ចុប្បន្នប្រទេសមហាអំណាចមួយនេះ បានកត់ត្រាចំនួនអ្នកឆ្លងសរុបជាង ២.២លានករណីហើយ ក្នុងនោះស្លាប់ជិត ១២ម៉ឺននាក់ ខណៈមនុស្សរាប់លាននាក់បានបាត់បង់ការងារធ្វើ ដោយសាររោគរាតត្បាតមួយនេះ៕