(ញូដេលី)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះគឺជាថ្ងៃដែលរដ្ឋាភិបាលឥណ្ឌា រៀបចំពិធីបុណ្យសពជូននាយទាហាន ២០នាក់ ដែលបានស្លាប់នៅក្នុងការប្រយុទ្ធគ្នា រវាងកងទ័ពឥណ្ឌា និងចិននៅតំបន់ព្រំដែនជម្លោះ កាលពីដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
ទាំងខាង ភាគីឥណ្ឌា និងចិនសុទ្ធតែបានប្តេជ្ញាដូចគ្នាថា នឹងពិនិត្យឡើងវិញអំពីការប្រយ័ត្នប្រយែង ដើម្បីកុំឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង។ ទោះជាយ៉ាងណា កងទ័ពទាំងសងខាងត្រូវបានគេដឹងថា កំពុងតែប្រុងជើងការកម្រិតខ្ពស់ នៅតំបន់ជ្រលងហ្គាល់វ៉ាន (Galwan) ស្ថិតនៅភាគខាងលិចជួរភ្នំហិម៉ាល័យ បីថ្ងៃក្រោយពីជម្លោះបានផ្ទុះឡើង ដែលបង្កឲ្យទាហានទាំងសងខាងស្លាប់ និងរបួស ប៉ុន្តែសម្រាប់ភាគីចិន គឺមិនមានការបញ្ជាក់ចំនួនជាក់លាក់នៅឡើយទេ។
ជុំវិញបញ្ហាខាងលើនេះ មន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃពុធបានលើកឡើងថា ចិនជំរុញឲ្យមានការពង្រឹងទំនាក់ទំនងរវាងប្រទេសចិន និងឥណ្ឌា ឲ្យបានកាន់តែជិតស្និទ្ធថែមមួយកម្រិតទៀត ដើម្បីថែរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន។
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌាលោក ស៊ូប្រាម៉ាន់យ៉ាម ចៃហ្សានសាំងកា (Subrahmanyam Jaishankar) កាលពីថ្ងៃម្សិលមិញនេះ លោក វ៉ាង យី បានជំរុញឲ្យភាគីឥណ្ឌា ស៊ើបអង្កេតឲ្យបានហ្មត់ចត់ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នា និងដាក់ទណ្ឌកម្មលើជនដែលទទួលខុសត្រូវចំពោះជម្លោះនេះ។ ទន្ទឹមនឹងនោះលោកក៏បានទាមទាឲ្យឥណ្ឌា ត្រួតត្រាកងទ័ពជួរមុខរបស់ខ្លួនឲ្យបាន និងបញ្ឈប់រាល់សកម្មភាពរំលោភបំពាន និងបង្កហេតុជាបន្ទាន់ដើម្បីធានាថា មិនមានឧប្បត្តិហេតុបែបនេះកើតឡើងម្តងទៀតឡើយ។
ទោះជាយ៉ាងណា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ ក៏បានជំរុញឲ្យមានការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀតដែរ ដើម្បីថែរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន។
នាឱកាសនោះដែរ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា «ឥណ្ឌាមិនត្រូវយល់ច្រឡំអំពីស្ថានភាពនាបច្ចុប្បន្ន ឬមើលស្រាលឆន្ទៈរបស់ចិន ក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួននោះឡើយ... ការគោរពគ្នាទៅវិញទៅមក គឺជាមធ្យោបាយដ៏ត្រឹមត្រូវ សម្រាប់រក្សាប្រយោជន៍ទាំងសងខាងឲ្យបានយូរអង្វែង ខណៈការសង្ស័យ និងមិនទុកចិត្តគ្នាគឺវាផ្ទុយនឹងឆន្ទៈ របស់ប្រជាជននៃប្រទេសទាំងពីរ»។
គួរជម្រាបថា កាលពីយប់ថ្ងៃចន្ទម្សិលមិញ បានផ្ទុះអាវុធដាក់គ្នាមួយប៉្រាវរវាងកងទ័ពចិន និងឥណ្ឌា នៅតំបន់ជ្រលងភ្នំហ្គាល់វ៉ាន (Galwan Valley) ដែលជាចំណុចនៃការប្រមូលផ្តុំកម្លាំងទ័ពអស់រយៈពេលជាច្រើនសប្តាហ៍មកហើយនោះ។ ក្នុងហេតុការណ៍នោះ បណ្តាលឲ្យទាហានឥណ្ឌាស្លាប់យ៉ាងហោចណាស់ ២០នាក់៕