(ប្រ៊ុចសែល)៖ មេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃសុក្រសប្តាហ៍នេះ នឹងបើកកិច្ចចរចារមួយដ៏ចម្រូងចម្រាស់មួយ ជុំវិញគម្រោងមូលនិធិដ៏ធំមួយ ដើម្បីស្តារសេដ្ឋកិច្ចអឺរ៉ុបឡើងវិញ ដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការផ្ទុះឡើងនៃជំងឺ COVID-19 ខណៈដំណើរលើផ្លូវឆ្ពោះទៅរកគម្រោងមូនិធិនេះ មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុនកិច្ចប្រជុំនេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល (Charles Michel) បានថ្លែងឲ្យដឹងថា គម្រោងស្នើសុំមូលនិធិសម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញ នៅចំពោះមុខផលវិបាកនៃជំងឺ COVID-19 នេះគឺមានចំនួនទឹកប្រាក់ ៧៥០ពាន់លានអឺរ៉ូ ឬស្មើប្រមាណ ៨៤០ពាន់លានដុល្លាអាមេរិក ហើយប្រសិនបើត្រូវបានអនុម័តមែននោះ វានឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ការឯកភាពរបស់សហភាពមួយនេះ។
ទោះជាយ៉ាងណា គំរោងនេះហាក់មិនមានភាពរលូននោះទេ ដ្បិតថាបណ្តាប្រទេសដែលត្រូវបានគេស្គាល់ថា «ជាក្រុមប្រទេសសន្សំសំចៃទាំងបួន» ដែលមានដូចជាប្រទេសហូល្លង់, ស៊ុយអែត, ដាណឺម៉ាក និងអូទ្រីសបានសន្យាថា នឹងធ្វើគ្រប់មធ្យោបាយនៅរដូវក្តៅនេះ ដើម្បីទប់ទល់នឹងការចំណាយរបស់សហភាពអឺរ៉ុប។
មន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា «វាច្បាស់ណាស់ថា យើងនឹងមិនអាចសម្រេចបានកិច្ចព្រមព្រៀងសំខាន់ណាមួយ នៅក្នុងកិច្ចប្រជុំកំពូលនេះទេ... យើងដឹងពីការលំបាក។ នេះជាការងារដ៏ធំមួយ»។
គួរជម្រាបថា គម្រោងមូនិធិរបស់គណៈកម្មការអឺរ៉ុបខាងលើនេះ ត្រូវបានជម្រុញដោយសំណើររបស់ប្រទេសអាល្លឺម៉ង់ និងបារាំង ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ដែលត្រូវបានរងការបំផ្លិចបំផ្លាញដោយសារ COVID-19 ជាពិសេសសម្រាប់បណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដូចជាប្រទេសអ៊ីតាលី និងអេស្ប៉ាញជាដើម។ គម្រោងនេះរួមមានជំនួយ ៥០០ពាន់លានអឺរ៉ូ និង ២៥០ពាន់លានអឺរ៉ូបន្ថែមទៀត លើប្រាក់កម្ចីផ្អែកលើលក្ខខណ្ឌ៕