(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានកាត់បន្ថយកងទ័ពចំនួន ៨,៦០០នាក់ រួចហើយចេញពីប្រទេសអាហ្គានីស្ថាន ដើម្បីបំពេញតំណាក់កាលដំបូងក្រោមកិច្ចព្រមព្រៀងជាមួយនិងក្រុមសកម្មប្រយុទ្ធតាលីបង់។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់យោធាអាមេរិកមួយរូប ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
អគ្គមេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាខេនី (Kenneth McKenzie) បានលើកឡើងថា សហរដ្ឋអាមេរិកបានធ្វើតាមកិច្ចព្រមព្រៀងដែលខ្លួនបានសន្យាក្នុងការដកទ័ព ៨,៦០០នាក់ក្នុងរយៈពេល ១៣៥ថ្ងៃ ដែលបានចុះហត្ថលេខាកាលពីចុងខែកុម្ភៈ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលតម្រូវឲ្យអាមេរិកដកទ័ពឲ្យបាន ៨,៦០០នាក់មុនពាក់កណ្តាលខែកក្កដា។
កិច្ចព្រមព្រៀងនេះដែរ ក៏ទាមទាមឲ្យអាមេរិកដកទ័ពទាំងអស់របស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រឹមខែឧសភា ឆ្នាំ២០២១ផងដែរ បើសិនជាក្រុមសកម្មប្រយុទ្ធតាលីបង់ បំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង រួមមានការកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងក្រុមភេរវករ។
លោក McKenzie បានអំពាវនាវឲ្យមានការបេ្តជ្ញាក្នុងការដកទ័ពទាំងអស់ចេញ ប៉ុន្តែក៏ត្រូវមានលក្ខខណ្ឌថា ចាប់ពីពេលនេះតទៅការវាយប្រហារមកលើទឹកដីសហរដ្ឋអាមេរិក នឹងមិនមានប្រភពចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។
គួរបញ្ជាក់ថា កាលបរិច្ឆេទជាក់លាក់ក្នុងការដកទ័អាមេរិកទាំងអស់មិនត្រូវបានកំណត់ទេ ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងកាលពីចុងខែឧសភាថា លោករំពឹងទុកថា នឹងមានការដកកងទ័ពទាំងអស់ ឲ្យបានឆាប់ក្នុងពេលដ៏សមហេតុផលណាមួយ៕