(ស្រ៊ីណាហ្គា)៖ កងទ័ពឥណ្ឌា និងប៉ាគីស្ថាននៅតំបន់ជម្លោះកាស្មៀរ បានប្រយុទ្ធគ្នាមួយប្រាវនៅថ្ងៃសុក្រនេះ នៅតាមបណ្តោយខ្សែបន្ទាប់គ្រប់គ្រងរួម ដែលហៅកាត់ថា LoC ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថា មានទាហានឥណ្ឌា ឬប៉ាគីស្ថានដែលបានស្លាប់ និងរងរបួសនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
ការផ្ទុះជម្លោះមួយប្រាវខាងលើនេះ ស្ថិតនៅចំណុច ណាវហ្សឺរ៉ា (Nowshera) ចម្ងាយ ២២២គីឡូម៉ែត្រពីទីក្រុង ស្រ៊ីណាហ្គា (Srinagar) ផ្នែកខាងដែនដីកាស្មៀរដែលកំពុងគ្រប់គ្រងដោយអាជ្ញាធរឥណ្ឌា។ មន្ត្រីប្រចាំនៅតំបន់កាស្មៀរ បានអះអាងថា ការផ្ទុះអាវុធបែបនេះ គឺតែងតែកើតមានឡើងជារឿយៗ និងបានបង្កឲ្យទាហានទាំងសងខាងស្លាប់ និងរបួសផងដែរ ប៉ុន្តែសម្រាប់លើកនេះវិញ គឺមិនមានសេចក្តីរាយការណ៍ថា មានទាហានខាងណាមួយបានទទួលរងគ្រោះនោះឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ គឺមុនមួយថ្ងៃនៃការប្រយុទ្ធគ្មានរវាងកងទ័ពឥណ្ឌា និងចិន នៅតំបន់ព្រំដែនជម្លោះហិម៉ាល័យនោះ នៅតំបន់កាស្មៀរនេះបានកើតមានការផ្ទុះអាវុធ រវាងកងទ័ព និងប៉ាគីស្ថាន មួយប្រាវផងដែរ ដោយបានបណ្តាលឲ្យទាហានឥណ្ឌាម្នាក់ស្លាប់ និង ០២នាក់រងរបួស៕