(ព្យុងយ៉ាង)៖ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះបានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងនឹងបញ្ជូនខិត្តប័ណ្ណ «១២លានសន្លឹក» ទៅកាន់កូរ៉េខាងត្បូង ក្នុងពេលឆាប់ៗនេះ ជាការសងសឹកនឹងទីក្រុងសេអ៊ូល ដែលបើកដៃឱ្យជនជាតិកូរ៉េខាងជើង កំពុងរស់នៅនិរទេសនៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងបទអត្ថាធិប្បាយចេញផ្សាយនៅក្នុងចន្ទនេះ KCNA បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមនៅថ្ងៃទី២២ ខែមិថុនានេះ គ្រឿងបរិក្ខា និងមធ្យោបាយបង្ហោះ ចែកចាយខិត្តប័ណ្ណ ក្នុងនោះរួមមានទាំងបាឡុងចំនួន ៣,០០០ដើម ដែលមានសមត្ថភាពហោះចូលយ៉ាងជ្រៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានត្រៀមរួចរាល់អស់ហើយ ខណៈខិត្តប័បណ្ណគ្រប់ប្រភេទជាង ១២លានសន្លឹក ក៏ត្រូវបានបោះពុម្ភរួចហើយដែរ»។ សារព័ត៌មានមជ្ឈិមកូរ៉េខាងជើង បានបញ្ជាក់បន្ថែមទៀតថា នេះនឹងក្លាយជាការចែកចាយខិត្តប័ណ្ណ ប្រឆាំងនឹងសត្រូវក្នុងទ្រង់ទ្រាយធំផុត មិនធ្លាប់មានពីមុនមកនោះឡើយ។
គួរបញ្ជាក់ថា ស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយទីក្រុងព្យុងយ៉ាង បានកាត់ផ្ដាច់បណ្ដាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងអន្តរកូរ៉េ កាលពីសប្ដាហ៍មុន ដើម្បីបង្ហាញការខឹងសម្បារនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង សម្រាប់ការបណ្ដែតបណ្ដោយ ឱ្យជនជាតិកូរ៉េខាងជើងរស់នៅនិរទេស នៅលើទឹកដីរបស់ខ្លួន បង្ហោះខិត្តប័ណ្ណតាមបាឡុងជាច្រើន ចូលមកក្នុងទឹកដីកូរ៉េខាងជើង ដើម្បីរិះគន់ និងប្រមាថលោក គីម ជុងអ៊ុន៕