(ឡុងដ៍)៖ ប៉ូលិសប្រឆាំងភេរវកម្មរបស់ប្រទេសអង់គ្លេស បានលើកឡើងថា ហេតុការណ៍ចាក់សម្លាប់មនុស្សនឹងកាំបិត ដែលបានកើតឡើង ក្នុងទីក្រុង Reading ភាគខាងត្បូងប្រទេសអង់គ្លេស កាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ត្រូវបានប្រកាសថា ជាទង្វើភេរវកម្ម។ នេះតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ ២០២០។
ប៉ូលិសអង់គ្លេស បានឱ្យដឹងថា មនុស្ស ៣នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៣នាក់ ផ្សេងទៀត បានរងរបួស ក្រោយការវាយប្រហារចាក់នឹងកាំបិតនៅតំបន់ Forbury Gardens នៃទីក្រុង Reading ។ បុរសអាយុ ២៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុ ដោយសង្ស័យថាមានជាប់ពាក់ពន្ធ័ក្នុងអំពីឃាតកម្មនេះ។
ដោយឡែកបើតាមសារព័ត៌មាន BBC ជនសង្ស័យនោះ ឈ្មោះ ខារី សាដាឡា (Kharri Saadallah) មកពីប្រទេសលីប៊ី។ មន្រ្តីប៉ូលិស ក៏បានសន្និដ្ឋានដែរថា គ្មានអ្នកផេ្សងទៀត ដែលនៅពីក្រោយក្នុងការវាយប្រហារនេះទេ។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាននិយាយថា ហេតុការណ៍នេះធ្វើឲ្យលោក មានភាពតក់ស្លុត និង រន្ធត់យ៉ាងខ្លាំង។ លើសពីនេះទៅទៀត លោក ក៏បានកោតសរសើរពីភាពក្លាហានរបស់មន្ត្រីប៉ូលិស ចំពោះការខិតខំរបស់ពួកគេដើម្បីចាប់ខ្លួនជនសង្ស័យ។ នៅក្នុងសេចក្តីថ្លែងការណ៍ អគ្គស្នងការប៉ូលិស ថីម វ៉ាលី លោក ចន ខេមប៊ែល (John Campbell) បានលើកឡើយថា មន្រ្តីបូលីសនៅតែបន្តកិច្ចខិតខំ ដើម្បីធ្វើការស៊ើបអងេ្កត ដើម្បីបញ្ជាក់ពីអ្វីដែលបានកើត ឡើងឲ្យបានច្បាស់។
លោកបន្តទៀតថា គ្មានភស្ភុតាងណាដែលបញ្ជាក់ថា ហេតុការណ៍ អាចនឹងបន្តហានិភ័យដល់មហាជននោះឡើយ ដោយសារតែវាមិនការមាន ការទាក់ទងទៅនឹងបណ្តាញភេរវកម្មទេ៕