(ប្រេស៊ីឡា)៖ បន្ទាប់ពីបានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ៦៤១នាក់ទៀតសម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះ វាបានធ្វើឲ្យចំនួនសរុបនៃអ្នកដែលនបានស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសប្រេស៊ីលនៅពេលនេះកើនលើស ៥០,០០០នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុបជាង ១លាននាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលប្រេស៊ីលបានឲ្យដឹងថា ចំនួនជាក់លាក់នៃករណីស្លាប់ ដែលខ្លួនទទួលបានគិតត្រឹមថ្ងៃអាទិត្យ (ម៉ោងនៅប្រេស៊ីឡា) គឺមាន ៥០,៦១៧នាក់ ខណៈករណីឆ្លងវិញគឺមានសរុប ១,០៨៥,០៣៨ ករណី។ តាមរយៈតួលេខនេះ ប្រេស៊ីលមានករណីឆ្លងច្រើនជាងគេលំដាប់ទី ២ លើពិភពលោក ស្ថិតក្រោយតែសហរដ្ឋអាមេរិកតែមួយគត់ ដែលមានករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់លេខ ១ សរុបចំនួនជាង ២.៣លានករណី។
បើទោះបីជាសន្ទុះនៃករណីឆ្លង និងស្លាប់ដោយសារតែ COVID-19 កើនឡើងយ៉ាងគំហុកបែបនេះក្តី ក៏ថ្នាក់ដឹកនាំកំពូលនាពេលបច្ចុប្បន្ន របស់ប្រទេសអាមេរិកឡាទីនមួយនេះ ដែលបានចាត់ទុកជំងឺនេះជាប្រភេទជំងឺផ្តាសាយតូចតាច កាលពីពេលកន្លងទៅនេះ នៅតែខ្វែងគំនិតគ្នាជាមួយអាជ្ញាធររដ្ឋ និងអាជ្ញាធរមូលដ្ឋានជុំវិញចំណាត់ការនានា នៅចំពោះមុខជំងឺរាតត្បាតសកលមួយនេះ ដោយលោកបានងាកទៅផ្តោតសំខាន់ លើការរៀបចំបើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ច៕