(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) បានចូលរួមទស្សនាដោយផ្ទាល់ ការធ្វើតេស្ដហោះហើរជាសាធារណៈលើកដំបូង នៃយន្ដហោះសម្រាប់ការបណ្ដុះបណ្ដាលការហោះហើរ ផលិតនៅក្នុងស្រុកដ៏ថ្មីសន្លាងមួយគ្រឿង នៅថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាលរបស់លោកស្រី កំពុងពង្រឹងសមត្ថភាពការពារជាតិ ប្រឈមមុខនឹងការគំរាមកំហែងរឹតតែខ្លាំងពីសំណាក់ចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅរសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
ឥន្ទ្រីក្លាហាន AT-5 (AT-5 Brave Eagle) ដែលជាយន្ដហោះចម្បាំងជួយសម្រួល ដល់ការបណ្ដុះបណ្ដាលការហោះហើរ ត្រូវបានរចនា និងផលិតឡើងដោយក្រុមហ៊ុនរដ្ឋតៃវ៉ាន់ AID (Aerospace Industrial Development Corp) ជាមួយកញ្ចប់ថវិកាអភិវឌ្ឍ ២.៣២ពាន់លានដុល្លារ គឺជាយន្ដហោះផលិតនៅក្នុងស្រុកដំបូងបំផុតរបស់កោះតៃវាន់ បន្ទាប់ពីយន្ដហោះចម្បាំង F-CK-1 Ching-kuo ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីជាង ៣ទសវត្សរ៍មុន។
ស្ថិតក្នុងឱកាសចុះត្រួតពិនិត្យ និងទស្សនាការហោះហើរសាកល្បងរបស់យន្ដហោះ AT-5 រយៈពេល ១២នាទី នៅទីក្រុងថៃជុង (Taichung) លោកស្រី Tsai Ing-wen បាននិយាយថា យន្ដហោះស៊េរីថ្មីនេះគឺជាវាយបំបាក់គំនិតអ្នកដែលមើលស្រាលកោះតៃវ៉ាន់ និងដែលធ្លាប់តែយល់ថា តៃវ៉ាន់គ្មានសមត្ថភាពអភិវឌ្ឍបច្ចេកវិទ្យា ហើយគួរតែផ្ដោតសំខាន់លើការទិញអាវុធពីបរទេស។
គួរបញ្ជាក់ថា យន្ដហោះ AT-5 ក៏មានសមត្ថភាពបំពាក់អាវុធទំនើបផងដែរ ហើយកងទ័ពអាកាសតៃវ៉ាន់ មានផែនការផលិតយន្ដហោះចម្បាំងនេះឱ្យបាន ៦៦គ្រឿង នៅត្រឹមឆ្នាំ២០២៦ ដើម្បីជំនួសយន្ដហោះស៊េរីចាស់ AT-3 និង F-5។ ការបង្កើនសមត្ថភាពនេះ បានកើតមានឡើងខណៈដែលកោះតៃវ៉ាន់ និងមហាយក្សចិន កំពុងមើលមុខគ្នាកាន់តែមិនត្រង់៕