(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណៈកម្មការមជ្ឈិមយោធា នៃបក្សពលករកូរ៉េកាន់អំណាច បានសម្រេចផ្អាកជាបណ្តោះអាសន្ន នូវការផែនការបញ្ចេញសកម្មភាពយោធា ដើម្បីឆ្លើយតបការបង្ហោះខិត្តប័ណ្ណចេញពីកូរ៉េខាងត្បូង។
២៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ប្រទេសចិនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២ករណីបន្ថែមទៀត ដែលក្នុងនោះមាន ០៩នាក់ជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៣នាក់ទៀតជាករណីនាំចូលពីបរទេស។
៣៖ លោក លី សៀនយ៉ាង (Lee Hsien Yang) ដែលជាប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានសម្រេចចិត្តចូលរួមជាមួយគណបក្ស សិង្ហបុរីរីកចម្រើនទៅមុខ (Progress Singapore Party) ដែលជាបក្សប្រឆាំងមួយដឹកនាំដោយលោក តាន់ ឆឹងបុក (Tan Cheng Bock)។
៤៖ ប្រាក់ចំណូលក្រុមហ៊ុន Tencent Holdings Ltd. របស់លោក ផូនី ម៉ា (Pony Ma) បានកើនឡើងបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ ដែលបានធ្វើឲ្យក្រុមហ៊ុននេះ មានទ្រព្យសម្បត្តិសរុបលើសក្រុមហ៊ុន Alibaba របស់លោក ជែក ម៉ា (Jack Ma) ដែលប្រការនេះមានន័យថា លោក Pony Ma បានក្លាយជាកំពូលមហាសេដ្ឋីលេខ ១ ប្រចាំប្រទេសចិនហើយ។
៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអបអរសាទរចំពោះការបញ្ចប់ការសាងសង់ ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិចស៊ីកូ ចម្ងាយ ៣២០គីឡូម៉ែត ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់រដ្ឋអារីហ្សូណា (Arizona)។
៦៖ បង់ក្លាដែសដែលជាប្រទេសភូមិផងរបងជាមួយឥណ្ឌា និងមានប្រជាជនរស់នៅច្រើនកកកុញរហូតដល់ជាង ១៦៤លាននាក់នោះ ពេលនេះបានរកឃើញករណីឆ្លងជំងឺ COVID-19 រហូតដល់ជាង ១២២,០០០ករណីហើយ ដោយក្នុងនោះជាង ១,៦០០នាក់បាត់បង់ជីវិត៕