(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងនៅថ្ងៃពុធនេះថា វិបត្តិ COVID-19 បានបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដោយជំរុញឱ្យខ្លួនកែប្រែ ការព្យាករពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។

បើតាម IMF ផលិតផលនៅក្នុងស្រុកសរុប ឬ GDP ពិភពលោកនៅក្នុងឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះ ៤.៩ភាគរយ ឬបង្កឱ្យខាតបង់ជាទឹកប្រាក់ ១២ទ្រីលានដុល្លារ ក្នុងរយៈពេល២ឆ្នាំ។ ការព្យាករនេះគឺផ្ទុយគ្នាទៅនឹងការព្យាករកាលពីខែមេសា កន្លងទៅ ដែលថា GDP ពិភពលោកនឹងធ្លាក់ចុះ៣.០ភាគរយតែប៉ុណ្ណោះ ដោយសារតែវិបត្តិ COVID-19។ មិនតែប៉ុណ្ណោះ ជំងឺឆ្លងរាតត្បាតសកលមួយនេះក៏បានធ្វើឱ្យប្រជាជនរាប់រយលាននាក់ នៅទូទាំងពិភពលោកបាត់បង់ការងារផងដែរ។

គួរបញ្ជាក់ថា បើតាម IMF នៅក្នុងឆ្នាំ២០២០នេះ កំណើនសេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាក់ចុះ៨.០ភាគរយ, ១០.២ភាគរយនៅក្នុងតំបន់ចាយប្រាក់អ៉ឺរ៉ូ ខណៈចិនដែលបានបើក សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឡើងវិញ កាលពីខែមេសា ត្រូវបានគេរំពឹងថាអាចនឹងមានកំណើនសេដ្ឋកិច្ច១.០ភាគរយ៕