(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី នៅថ្ងៃពុធនេះ បាននិយាយថាទីក្រុងតេហេរ៉ង់ អាចនឹងបើកកិច្ចចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក បើសិនជាទីក្រុង វ៉ាស៊ីនតោន យល់ព្រមសូមទោស និងផ្ដល់សំណង សម្រាប់ការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសុន្ទរកថាមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក រូហានី បានគូសបញ្ជាក់ដូច្នេះថា៖ «យើងគ្មានបញ្ហាអ្វីនោះទេ ដើម្បីបើកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន អនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក៏ដូចជាយល់ព្រមសូមទោស និងផ្ដល់សំណងសងការខូចខាតដល់អ៉ីរ៉ង់ សម្រាប់ការដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥។ ប៉ុន្តែ យើងដឹងច្បាស់ថាសហរដ្ឋអាមេរិក អំពាវនាវឱ្យយើងត្រឡប់មករកតុចរចា គ្រាន់តែជាការនិយាយឱ្យតែបាន និងភូតកុហកតែប៉ុណ្ណោះ»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ កាលពីឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ ដោយចោទថា អ៉ីរ៉ង់មិនបានអនុវត្តគ្រប់គ្រាន់តាមកិច្ចព្រមព្រៀង ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល និងការបង្កើនឥទ្ធិពលនៅក្នុងតំបន់មជ្ឈិមបូព៌ា៕