(ព្រុចសែល)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ពិភពលោកមិនទាន់មើលឃើញភាពច្បាស់លាស់ណាមួយ នៅក្នុងការបង្កើតវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា (COVID-19) ឲ្យបានឆាប់រហ័សនោះឡើយ ប៉ុន្តែវាអាចនឹងត្រូវចំណាយពេលដល់រាប់ខែរហូតដល់រាប់ឆ្នាំ ដើម្បីផលិតវ៉ាក់សាំងមួយឲ្យចេញជាលទ្ធផល។ នេះបើតាមការដកស្រង់ពីសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូខុនហ្វ្រិន ចេញពីគណៈកម្មាធិការសុខភាព នៃសភាសហភាពអឺរ៉ុប ប្រធាន WHO លោក ថេដ្រូស អាដាណម (Tedros Adhanom) បាននិយាយថា ប្រសិនបើវ៉ាក់សាំងណាមួយ ត្រូវបានផលិតដោយជោគជ័យនោះ វានឹងក្លាយជាទំនិញសាធារណៈ ដែលអាចបញ្ជូនទៅគ្រប់គ្នាទាំងអស់ នៅលើសកលលោកនេះ។

លោក ថេដ្រូស បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាជារឿងដ៏លំបាកមួយក្នុងការធានាថា យើងនឹងមានវ៉ាក់សាំង។ យើងមិនទាន់មានវ៉ាក់សាំងណាមួយ សម្រាប់ប្រឆាំងវីរុសកូរ៉ូណានោះទេ។ ដូច្នេះប្រសិនបើវាត្រូវបានរកឃើញ នោះវានឹងក្លាយជាវ៉ាក់សាំងដំបូង។ ខ្ញុំសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវរកឃើញ...»

គួរបញ្ជាក់ថា បច្ចុប្បន្ននេះអង្គការ WHO បានទទួលដឹងលឺអំពីការធ្វើតេស្តវ៉ាក់សាំង សរុបជាង ១០០ហើយ មកពីបណ្តាប្រទេស និងក្រុមហ៊ុននានាលើលោក។ បច្ចុប្បន្នប្រទេសបី ដែលកំពុងធ្វើតេស្តវ៉ាក់សាំងឈានដល់ដំណាក់កាលទី ៣ ទៅលើមនុស្សនោះមានដូចជា សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់ ហើយគ្រប់គ្នាកំពុងទន្ទឹមរង់ចាំលទ្ធផល៕