(វ៉ាស៊ីនតោន)៖ យន្ដហោះចម្បាំងអាមេរិក F-22 មួយគ្រឿង បានហោះដេញតាមស្ទាក់យន្ដហោះស៊ើបការណ៍រុស្ស៊ី Tu-142 ៤គ្រឿង ដែលបម្រុងហោះចូលក្នុង ដែនអាកាស ADIZ នៃរដ្ឋអាឡាស្កា។ នេះបើតាមទីបញ្ជាការការពារដែនអាកាសប្រចាំតំ បន់អាមេរិកខាងជើង (NORAD) ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។
ឧបទ្ទវហេតុខាងលើបានកើតឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ (ម៉ោងនៅក្នុងតំបន់) ហើយនេះគឺជាលើកទី១០ហើយ នៅក្នុងឆ្នាំ២០២០នេះ ដែលយន្ដហោះ Tu-142 របស់រុស្ស៊ី ត្រូវបានយន្ដហោះចម្បាំងអាមេរិកហោះតាមស្ទាក់ នៅលើដែនអាកាសក្បែររដ្ឋ Alaska។ NORAD បានឱ្យដឹងទៀតថា យន្ដហោះចម្បាំងរុស្ស៊ីបានហោះ នៅចំងាយប្រហែល ជា១២០គីឡូម៉ែត្រ ពីភាគខាងត្បូងនៃកោះ Aleutian រដ្ឋអាឡាស្កា ដោយមិនទាន់បានហោះចូលក្នុងដែនអាកាសអាមេរិក ឬកាណាដា នោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា កន្លងទៅ យន្ដហោះចម្បាំងរុស្ស៊ី ក៏ធ្លាប់បានហោះតាមដេញស្ទាក់យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ពីរគ្រឿង ផងដែរ នៅលើដែនអាកាសនៃតំបន់សមុទ្ររុស្ស៊ី Okhotsk៕