(រុស្ស៊ី)៖ រុស្ស៊ី បានចេញមុខទាត់ចោលសេចក្ដីរាយការណ៍របស់កាសែតអាមេរិក New York Times ដែលអះអាងថាទីក្រុងម៉ូស្គូ បានផ្ដល់ប្រាក់រង្វាន់់ដល់ក្រុមសកម្ម ប្រយុទ្ធតាលីបង់ ជាថ្នូរនឹងការសម្លាប់កងទ័ពអាមេរិក ឬកងទ័ពអង្គការ NATO នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។
កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីចារកម្មអាមេរិក បានឱ្យដឹងថាទីភ្នាក់ស៊ើបការណ៍សំងាត់យោធារុស្ស៊ី បានផ្ដល់ ប្រាក់រង្វាន់ខាងលើកាលពីឆ្នាំ២០១៩ ជាពេលដែលកងទ័ពអាមេរិក២០នាក់ ត្រូវបានគេសង្ស័យថាបានស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប៉ុន្តែ ស្ថានទូតរុស្ស៊ី ប្រចាំសហរដ្ឋអាមេរិក បានទាត់ចោលសេចក្ដីរាយការណ៍នេះ ដោយចាត់ទុកថាវាគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ កាន់តែអាក្រក់ឡើងប៉ុណ្ណោះ។
គួរបញ្ជាក់ថា បើតាមកាសែត New York Times ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេជូនដំណឹងពីរឿងផ្ដល់ប្រាក់រង្វាន់នេះ កាលពីខែមីនា កន្លងទៅ។ តែយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធការចុះផ្សាយបែបនេះ ដោយអ្នកនាំពាក្យលោកស្រី Kayleigh McEnany បញ្ជាក់ថាលោកប្រធានាធិបតី និងអនុប្រធានាធិបតី អាមេរិក មិនដែលត្រូវបានគេជូនដំណឹងពីការចោទប្រកាន់ថាទីក្រុងម៉ូស្គូ ផ្ដល់ប្រាក់រង្វាន់់ដល់ក្រុមសកម្ម ប្រយុទ្ធតាលីបង់ ជាថ្នូរនឹងការសម្លាប់កងទ័ពអាមេរិក ឬកងទ័ពអង្គការ NATO នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមតាលីបង់ផ្ទាល់ក៏បានអះអាងថាខ្លួនមិនដែលមានកិច្ចព្រមព្រៀងរបៀបបនេះជាមួយរុស្ស៊ីឡើយ៕