(ការ៉ាកាស់)៖ វេណេស៊ុយអេឡា បានចោទប្រកាន់ថាអគារស្ថានទូតអេស្ប៉ាញ ប្រចាំទីក្រុងការ៉ាកាស់ ត្រូវបានគេប្រើប្រាស់ជាកន្លែងរៀបចំផែនការ ដើម្បីធ្វើឃាតឬចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បញ្ជូនទៅសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មានវេណេស៊ុយអេឡា លោក Jorge Rodriguez ធ្វើការចោទប្រកាន់ខាងលើ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរស្សន៍រដ្ឋ កាលពីថ្ងៃ សុក្រ (ម៉ោងនៅក្នុងតំបន់) ហើយលោកក៏បានអះអាងដែរថាអេស្ប៉ាញ បានជួយលាក់បំពួនមន្ត្រីបក្សប្រឆាំង ដែលកំពុងរៀបចំផែនការសម្លាប់មន្ត្រីរដ្ឋាភិបាល វេណេស៊ុយអេឡា។ លោក Rodriguez លើកឡើងបែបនេះដោយចង់សំដៅលើ មេដឹកនាំបក្សប្រឆាំង លោក Leopoldo Lopez ដែលកំពុងជ្រកកោនក្នុងស្ថានទូត អេស្ប៉ាញ ប្រចាំទីក្រុងការ៉ាកាស់ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់លោក ម៉ាឌូរ៉ូ ពីអំណាចមិនបានសម្រេច។
លោក Jorge Rodriguez បានគូសបញ្ជាក់បន្ថែមដូច្នេះថា៖«តើរដ្ឋាភិបាលអេស្ប៉ាញ មានដឹងទេថាលោក Leopoldo Lopez នៅតែបន្តធ្វើកិច្ចពិភាក្សតាមវីដេអូ ខុនហ្វេរិន ដើម្បីពិភាក្សាពីផែនការធ្វើឃាតលោកប្រធានាធិបតី ម៉ាឌូរ៉ូ? ហើយថាតើរដ្ឋាភិបាលអេស្ប៉ាញ មានអ្វីត្រូវបកស្រាយចំពោះរឿងនេះដែរឬទេ?»។ តែទោះជាបែបនេះក្ដី រដ្ឋមន្ត្រីទូរគមនាគមន៍វេណេស៊ុយអេឡារូបនេះ មិនបានបង្ហាញភស្ដុតាងលម្អិត ការពារការអះអាងរបស់លោកឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី៣ ខែឧសភាកន្លងទី រដ្ឋាភិបាលវេណេស៊ុយអេឡា បានឱ្យដឹងថាយោធារបស់ខ្លួនបានបង្រ្កាប និងចាប់ខ្លួនមនុស្សជាច្រើននាក់ ដែលមាន ពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាលទីក្រុងការ៉ាកាស់ និងសម្លាប់ឬចាប់ខ្លួន លោក នីកូឡាស់ ម៉ាឌូរ៉ូ ទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែ ទាំងសហរដ្ឋអាមេរិក និងគណបក្សប្រឆាំងវេណេស៊ុយអេឡា សុទ្ធតែបានទាត់ចោលការចោទប្រកាន់ថា ពួកគេមានជាប់ទាក់ទិននឹងផែនការនេះ៕