(យូរ៉ាមគី)៖ យន្តហោះដឹកអ្នកដំណើរត្រកូល C919 ដែលចិនផលិតដោយផ្ទាល់ដៃជាលើកដំបូង ត្រូវបានយកទៅធ្វើតេស្តក្នុងតំណាក់កាលថ្មីមួយទៀតហើយ នោះគឺការហោះហើរនៅតំបន់ដែលមានសីតុណ្ហភាពខ្ពស់មួយ នៅភាគពាយ័ព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។
ការធ្វើតេស្តខាងលើនេះត្រូវបានធ្វើឡើង នៅក្នុងទីក្រុងទួប៉ាន (Turpan) នៃតំបន់ស្មយ័តស៊ីនជាំង-អ៊ុយហ្គ័រ ( Xinjiang Uygur Autonomous Region) ដែលត្រូវបានគេដឹងថា ជាទីក្រុងនៃភ្លើងស្ថិតនៅភាគពាយ័ព្យនៃប្រទេសចិន។ ការធ្វើតេស្ត C919 លើកនេះនឹងត្រូវចាប់ផ្តើមពីសប្តាហ៍នេះរហូតដល់រយៈពេលមួយខែពេញ។
គួរបញ្ជាក់ថា ការសម្រេចបន្តធ្វើតេស្តលើយន្តហោះ C919 បានកើតមានឡើងក្រោយស្ថានការណ៍ COVID-19 ក្នុងប្រទេសចិនមានសភាពធូរស្រាលខ្លាំង។ ចំពោះទីក្រុង Turpan គឺត្រូវបានគេទទួលស្គាល់ថា ជាតំបន់វាលខ្សាច់ដ៏ធំមួយរបស់ចិន ដែលមានសីតុណ្ហភាពជាមធ្យមអាចកើនដល់លើស ៣៨អង្សាសេ។ C919 ត្រូវបានទទួលការធ្វើតេស្តជាលើកដំបូងកាលពីឆ្នាំ២០១៩ និងក្រោយមកក៏ទទួលបានជោគជ័យជាបន្តបន្ទាប់ ស្របទៅតាមបទដ្ឋាននៃការធ្វើតេស្ត៕