(វ៉ាស៊ីនតោន)៖ ចក្រភពអង់គ្លេស និងប្រទេសអាល្លឺម៉ង់ បានប្រកាសថា ខ្លួននៅមានថ្នាំ រ៉េមដឺស៊ីវា (remdesivir) ដែលមានប្រសិទ្ធភាពក្នុងការព្យបាលអ្នកជំងឺ COVID-19 នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែសហរដ្ឋអាមេរិកបានប្រមូលទិញថ្នាំនេះ ស្ទើរតែអស់ពីស្តុកទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
នៅក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនក៏បានប្រកាសផងដែរថា ខ្លួនមានថ្នាំ remdesivir រហូតដល់ទៅ ៩២% ដែលត្រូវបានបញ្ជាទិញពីក្រុមហ៊ុនជីលីដ (Gilead) ហើយការផ្គត់ផ្គង់នឹងត្រូវធានារហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២០ និងមានសមត្ថភាពព្យាបាលអ្នកជំងឺរហូតដល់ ៥០០,០០០នាក់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានធានាផងដែរថា ថ្នាំដែលត្រូវបានអនុញ្ញាតដំបូង ដោយក្រុមជំនាញខាងលើនេះ នឹងគ្រប់គ្រាន់តាមតម្រូវការ។
សហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ថ្នាំ remdesivir ដើម្បីព្យាបាលអ្នកជំងឺ COVID-19 ចាប់តាំងពីថ្ងៃទី០១ ខែឧសភា មកម្ល៉េះ ក្រោយការពិសោធន៍ ដោយក្រុមអ្នកជំនាញជាតិបានរកឃើញថា ថ្នាំនេះមានប្រសិទ្ធភាពព្យាបាលអ្នកជំងឺបានលឿន ជាងថ្នាំផ្សេងៗទៀត។
គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅអាស៊ី ដែលបានទទួលរងការវាយប្រហារដោយ COVID-19 ធ្ងន់ធ្ងរ សុទ្ធតែទទួលស្គាល់អំពីប្រសិទ្ធភាពនៃថ្នាំ remdesivir ខណៈបណ្តាប្រទេសនៅអឺរ៉ុបវិញក៏ដូចគ្នាដែរ។ ថ្នាំ remdesivir ត្រូវបានក្រុមជំនាញអន្តរជាតិអះអាងថា មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ COVID-19 មានស្ថានភាពធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការបំពាក់អុកស៊ីហ្សែន៕