(ព្រុចសែល)៖ ទីភ្នាក់ងារព័ត៌មានអាមេរិក CNBC បានរាយការណ៍កាលពីថ្ងៃចន្ទសប្តាហ៍នេះថា តាមការស្ទង់មតិមួយបានបង្ហាញឲ្យឃើញ ពីទស្សនៈអវិជ្ជមានកាន់តែកើនឡើងខ្លាំងលើសហរដ្ឋអាមេរិក អំឡុងពេលដែល COVID-19 កំពុងរាតត្បាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
ការស្ទង់មតិនេះបានធ្វើឡើង ដោយក្រុមប្រឹក្សាផ្នែកទំនាក់ទំនងការបរទេសរបស់អឺរ៉ុប (European Council on Foreign Relations) ដែលបានសម្ភាសន៍មនុស្សសរុបចំនួន ១១,០០០នាក់ក្នុងប្រទេសចំនួន ០៩ នៅអឺរ៉ុប ចាប់តាំងពីសប្តាហ៍ចុងក្រោយនៃខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២០។
លទ្ធផលបានបង្ហាញថា ប្រហែលជា ២ ភាគ ៣ នៃអ្នកចូលរួមសរុបនៅប្រទេស ដាណឺម៉ាក ព័រទុយហ្គាល់ បារាំង អាល្លឺម៉ង់ និងអេស្ប៉ាញបាននិយាយថា រូបភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការគិតរបស់ពួកបានផ្លាស់ប្តូរទាំងស្រុង ខណៈដែលមានតែ ២ ភាគរយប៉ុណ្ណោះបាននិយាយថា សហរដ្ឋអាមេរិកបានចូលរួមចំណែក ក្នុងកិច្ចខិតខំប្រយុទ្ធប្រឆាំងនិង COVID-19។
គួរបញ្ជាក់ថា ការស្ទង់មតិនេះក៏បានបង្ហាញដែរថា ៤៦ភាគរយ នៃអ្នកចូលរួមជនជាតិបារាំងបាននិយាយថា ទស្សនៈរបស់ពួកគេចំពោះសហរដ្ឋអាមេរិក កាន់តែអាក្រក់ឡើងស្របពេលដែល ៤២ភាគរយ នៃអ្នកចូលរួមជនជាតិ អាឡឺម៉ង់បាននិយាយថា កេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក កាន់តែយ៉ាប់យ៉ឺននៅពេលនេះ។ ការធ្លាក់ចុះនៃកេរ្តិ៍ឈ្មោះអាមេរិក គឺកើតមានឡើង ដោយសារតែការដកខ្លួនចេញពី អង្គការសុខភាពពិភពលោក (WHO) នៅពេលអន្តរជាតិកំពុងចលាចលដោយ COVID-19 ខណៈការរើសអើងជាតិសាសន៍ ក៏ជាដើមចមធំមួយទៀតផងដែរ៕