(គួឡាឡាំពួរ)៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី លោក ម៉ូហ៍ រ៉ាដហ្ស៊ី ជីទីន (Mohd Radzi Md Jidin) បានថ្លែងឲ្យដឹងថា សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅប្រទេសម៉ាឡេស៊ី នឹងវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន លោក Mohd Radzi Md Jidin បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាពីទម្រង់១ ដល់ទម្រង់៤ ក៏ដូចជាសិស្សដែលត្រូវរៀនបំប៉ន នឹងត្រូវចូលរៀនវិញនៅសាលានៅថ្ងៃពុធ ទី១៥ ខែកក្កដា ខាងមុខនេះតែម្តង»។
ទេសរដ្ឋមន្ត្រីរូបនេះថែមទាំងបានបញ្ជាក់ទៀតថា «សម្រាប់សិស្សានុសិស្សថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី៥ ដល់ទី៦ ក៏នឹងត្រូវវិលត្រឡប់ទៅសាលារៀនវិញនៅថ្ងៃពុធ ទី១៥ ខែកក្កដាដូចគ្នាដែរ។ ចំណែកឯសិស្សថ្នាក់ទី១ ដល់ទី៤វិញ នឹងត្រូវចូលរៀនវិញនៅថ្ងៃពុធ ទី២២ ខែកក្កដាខាងមុខ»។
គួរជម្រាបថា នៅចំពោះមុខនៃការឆ្លងរីករាលដាលនៃជំងឺ COVID-19 អាជ្ញាធរម៉ាឡេស៊ីបានសម្រេចបិទទ្វារសាលារៀនទាំងអស់ តាំងពីពាក់កណ្តាលខែមីនាមកម្ល៉េះ ខណៈពេលដែលមេរៀនទាំងអស់ ត្រូវបានបង្រៀនតាមប្រព័ន្ធអ៊ីនធើណិតជំនួសវិញ។ ប៉ុន្តែក្រោយពីស្ថានការណ៍ COVID-19 បានល្អប្រសើរឡើងបន្តិចមកវិញ អាជ្ញាធរក៏បានសម្រេចឲ្យសិស្ស ដែលត្រូវប្រឡងចេញថ្នាក់មធ្យមសិក្សា ចូលរៀនវិញកាលពីថ្ងៃទី២៤ ខែមិថុនាកន្លងទៅនេះ៕