(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា សន្ទុះនៃការរីករាលដាលនៃជំងឺ COVID-19 នារយៈពេលចុងក្រោយនេះ គឺមានសភាពកាន់តែធ្ងន់ធ្ងរឡើង ត្បិតថាតួលេខអ្នកឆ្លងប្រចាំថ្ងៃ សម្រាប់រយៈពេលមួយសប្តាហ៍កន្លងទៅនេះ ត្រូវបានគេរាយការណ៍ថា មានចំនួនជាមធ្យមលើសពី ១៦០,០០០ករណីឯណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០។
តាមរយៈសន្និសីទសារព័ត៌មានពីចម្ងាយ ដែលត្រូវបានធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងនៅហ្សឺណែវ) ប្រមុខអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus)បានគូសបញ្ជាក់ឲ្យដឹងថា ជាងពាក់កណ្តាលនៃចំនួនអ្នកឆ្លងសរុប នៃជំងឺ COVID-19 នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន គឺត្រូវបានរាយការណ៍ នៅក្នុងកំឡុងខែមិថុនាកន្លងទៅនេះ។
លោក Tedros មានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សម្រាប់មួយសប្តាហ៍កន្លងទៅនេះ ចំនួនករណីឆ្លងថ្មីៗបានកើនលើសពី ១៦០,០០០ករណីក្នុងមួយថ្ងៃ... ៦០%នៃចំនួនអ្នកឆ្លងសរុបទាំងអស់ រហូតមកទល់ពេលនេះ គឺទើបតែត្រូវបានគេរាយការណ៍ ក្នុងរយៈពេលតែក្នុងមួយខែមិថុនា កន្លងទៅនេះតែប៉ុណ្ណោះ»។
នៅចំពោះមុខស្ថានការណ៍បែបនេះ ប្រមុខអង្គារសុខភាពពិភពលោករូបនេះ បានក្រើនរំលឹកជាថ្មីថា មានតែ «វិធីសាស្ត្រគ្រប់ជ្រុងជ្រោយ» មួយប៉ុណ្ណោះ ដែលជាវិធីសាស្ត្រល្អបំផុត ក្នុងការទប់ស្កាត់វីរុសនេះ។ វិធីសាស្ត្រដែលលោកចង់សំដៅ គឺជាការស្វែងរក, ការដាក់ឲ្យនៅដាច់ដោយឡែក, ការធ្វើតេស្ត និងការដាក់ចេញនូវវិធានការរឹតត្បិតសង្គមនានាជាដើម។
គួរជម្រាបថា គិតត្រឹមថ្ងៃនេះពិភពលោកទាំងមូល បានកត់ត្រាចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 លើសពី ១០.៨លាននាក់ហើយ ដោយក្នុងនោះអ្នកជំងឺចំនួនច្រើនជាង ៥១ម៉ឺននាក់បានស្លាប់បាត់បង់ជីវិត និងជិត ៦លាននាក់ទៀតបានជាសះស្បើយឡើងវិញ៕