(តេហេរ៉ង់)៖ អាជ្ញាធរសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ បានរាយការណ៍ពីការរកឃើញ COVID-19 ២,៤៤៩ករណីថ្មី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ២៣៧,៨៧៨នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោកស្រី Sima Sadat Lari បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ១១,៤០៨នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី១៤៨នាក់ ត្រូវបានរាយការណ៍។ លោកស្រីបន្ថែមថា គិតត្រឹមថ្ងៃសៅរ៍នេះ អ្នកជំងឺ ១៩៨,៩៤៩នាក់ បាន ជាសះស្បើយឡើងវិញ ហើយ ៣,១៣៦នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងនធ្ងរ។
គួរបញ្ជាក់ថា ឆ្លើយបទៅនឹងការកើនឡើងជាថ្មីនៃករណីឆ្លង COVID-19 រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានដាក់ចេញវិធានការរឹតត្បិតឡើងវិញជាច្រើន ជាមួយការព្រមាន ថាប្រជាជនអ៉ីរ៉ង់ ដែលមិនបានពាក់ម៉ាស នៅតាមទីសាធារណៈ នឹងមិនត្រូវបានអនុញ្ញាតឱ្យទទួលសេវាពីរដ្ឋឡើយ ហើយកន្លែងការងារនានា ដែលបរាជ័យក្នុងការ អនុវត្តតាមសេចក្ដីណែនាំរបស់អាជ្ញាធរសុខាភិបាល អាចនឹងប្រឈមមុខនឹងការបិទទ្វារជាច្រើនសប្ដាហ៍៕