(តូក្យូ)៖ ក្រុមអ្នកជួយសង្គ្រោះក្នុងប្រទេសជប៉ុនកំពុងចាប់ផ្តើមស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សរាប់សិននាក់បានស្លាប់ និងបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងខ្លាំងខុសពីធម្មតា នៅកោះគ្យូស៊ុ (Kyushu) ភាគខាងត្បូងជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNN នៅរសៀលថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០។
អាជ្ញាធរជប៉ុនបានបញ្ជាក់ថា មនុស្សយ៉ាងតិច ១៨នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងខេត្តគូម៉ាម៉ូតុ (Kumamoto) និងខេត្តកាហ្គោស៊ីម៉ា (Kagoshima) បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានបំផ្លាញទាំងស្រុងដោយទឹកជំនន់ហូរច្រោះ។
គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន កាលពីចុងសប្តាហ៍មុននេះ បានចេញការព្រមានកម្រិតខ្ពស់បំផុតពីភ្លៀងធ្លាក់ខ្លាំង ដែលមិនធ្លាប់មានពីមុន និងបានអំពាវនាវឱ្យប្រជាជននៅលើកោះគ្យូស៊ុ បង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត។ យ៉ាងហោចណាស់មានមនុស្សចំនួន ២៧០,០០០នាក់ត្រូវបានបង្គាប់ឱ្យជម្លៀសចេញទៅរកទីកន្លែងសុវត្ថិភាព នៅក្នុងខេត្តចំនួន ០៤ នៅលើកោះទាំងមូល៕