(ឡូសអាន់ជែឡែស)៖ ភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងខ្លាំង នៅតាមតំបន់ជនបទនៃក្រុង សាន់តា ក្លារីតា (Santa Clarita) ដែលមានចម្ងាយ ៥៣គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង ឡូសអាន់ជែឡែស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជន និងបិទផ្លូវហាយវ៉េចំនួន ១៤ខ្សែ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។
ភ្លើងឆេះព្រៃនេះត្រូវបានគេរាយការណ៍ដំបូង នៅម៉ោងប្រហែល ៤៖០០ល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅកាលីហ្វ័រញ៉ា) ដែលត្រូវបានអាជ្ញាធរប៉ាន់ស្មានថា ចាប់ផ្តើមឆេះដំបូងនៅលើផ្ទៃដីតែជាង ២ហិកតាប៉ុណ្ណោះ ប៉ុន្តែដោយសារតែដីអាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង ភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័សលើផ្ទៃដីជាង ៤៤០ហិកតាក្នុងរយៈពេល ៥ម៉ោងក្រោយ។
យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់ទីក្រុង Los Angeles បានឱ្យដឹងទៀតថា អ្នកពន្លត់អគ្គីភ័យប្រហែលជាង ៣០០នាក់ និងរថយន្ត ព្រមទាំងឧបករណ៍ពន្លឺអគ្គីភ័យរាប់សិបគ្រឿង ក្នុងនោះក៏មានឧទ្ធម្ភាគចក្រ ០៥គ្រឿង និងយន្ដហោះទម្លាក់ទឹក ០២គ្រឿងផងដែរ ត្រូវបានបញ្ជូននៅកាន់កន្លែងកើតហេតុ ដើម្បីប្រយុទ្ធតស៊ូនឹងភ្លើងឆេះព្រៃខាងលើនេះ។
លោក ស្កាយ ខូណែល (Sky Cornell) ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Los Angeles បានប្រាប់សាររព័ត៌មានក្នុងតំបន់ថា «មកទល់ពេលនេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធណាមួយត្រូវបានឆេះ និងមនុស្សរងរបួសនៅឡើយទេ ខណៈដែលផ្ទះចំនួន ០៩ខ្នង ត្រូវបានជម្លៀសប្រជាជនចេញ»។ ប្រជាជនដែលជម្លៀសចេញ ត្រូវបាននាំទៅកាន់ទីជំរកបណ្តោះអាសន្ន ដែលបានបង្កើតឡើងដោយកាកបាទក្រហម។ ទោះជាយ៉ាងនេះក្តីពួកគេត្រូវនៅក្នុងឡាន និងអនុវត្តគម្លាតសង្គមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19៕