(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា មនុស្សយ៉ាងតិច ១៨នាក់បានស្លាប់ និង ១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងខេត្តគូម៉ាម៉ូតុ (Kumamoto) និងខេត្តកាហ្គោស៊ីម៉ា (Kagoshima) បន្ទាប់ពីផ្ទះរបស់ពួកគេ ត្រូវបានបំផ្លាញទាំងស្រុងដោយទឹកជំនន់ហូរច្រោះ។

 

២៖ ភ្លើងឆេះព្រៃបានរីករាលដាលយ៉ាងខ្លាំង នៅតាមតំបន់ជនបទនៃក្រុង សាន់តា ក្លារីតា (Santa Clarita) ដែលមានចម្ងាយ ៥៣គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង ឡូសអាន់ជែឡែស (Los Angeles) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានបង្ខំឱ្យមានការជម្លៀសប្រជាជន និងបិទផ្លូវហាយវ៉េចំនួន ១៤ខ្សែ។

 

៣៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយណា បង្កឡើងដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង ចំពេលមហាអំណាចទាំង ២ កំពុងប្រឈមមុខដាក់គ្នា តាមរយៈការធ្វើសមយុទ្ធយោធានៅក្នុងតំបន់តែមួយ។

 

៤៖ ប្រភពពីកងទ័ពឥណ្ឌាបានឲ្យដឹងថា កងទ័ពចិននៅពេលនេះ បានចាប់ផ្តើមដកខ្លួនជាបណ្តើរៗហើយ ចេញពីតំបន់ដែលធ្លាប់ផ្ទុះអាវុធជាមួយគ្នា កាលពីខែមុន នៅតំបន់ព្រំដែនជម្លោះហ្គាល់វ៉ាន (Galwan) ភាគខាងលិចជួរភ្នំហិម៉ាល័យ។

 

៥៖ នៅថ្ងៃចន្ទនេះអាជ្ញាធរឧតុនិយមចិន បានធ្វើការប្រកាសអាសន្ន «កម្រិតពណ៌លឿង» ចំពោះព្យុះភ្លៀង ខណៈដែលគ្រោះធម្មជាតិប្រភេទនេះ កំពុងបន្តបង្កការបំផ្លេចបំផ្លាញ តំបន់នានាស្ទើរទូទាំងប្រទេស។

 

៦៖ រដ្ឋចំនួនពីរនៅអូស្ត្រាលី ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតនោះ នឹងត្រូវបិទព្រំដែនតែម្តងចាប់ពីថ្ងៃអង្គារស្អែកនេះតទៅ ព្រោះតែការផ្ទុះជំងឺឆ្លង COVID-19 ឡើងវិញ និងក្នុងកម្រិតធ្ងន់ធ្ងរជាងមុន៕