(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទនេះ បានព្រមានថានឹងចាត់វិធានការសងសឹក ទៅនឹងការជ្រៀតជ្រែករបស់កាណាដា លើកិច្ចការផ្ទៃក្នុងរបស់ខ្លួន ជុំវិញច្បាប់ សន្តិសុខជាតិថ្មីទីក្រុងហុងកុង ដែលអាចនឹងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កាន់តែតានតឹងឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានគូសបញ្ជាក់ដូច្នេះថា៖ «ចិនថ្កោលទោសជាដាច់ខាតលើ ការជ្រៀតជ្រែកបែបនេះ និងរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតប។ រាល់ផលវិបាកទាំងឡាយដែលកើតឡើងគឺកាណាដាខ្លួ នឯងជាបង្ក ហើយការ ប៉ុនប៉ងដាក់សម្ពាធលើចិន នឹងមិនទទួលបានជោគជ័យឡើយ»។ លោក Zhao បន្ថែមថា ចិនជំរុញឱ្យកាណាដា កែតម្រូវកំហុសឡើងវិញ និងបញ្ឈប់ ជាបន្ទាន់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុង និងចិន ដើម្បីកុំឱ្យទំនាក់ទំនងចិន-កាណាដា ត្រូវបានបំផ្លាញ។
គួរជម្រាបថា កាណាដា កាលពីសប្ដាហ៍មុន បានសម្រេចចិត្តព្យួរសន្ធិសញ្ញាធ្វើបត្យាប័នជាមួយទីក្រុងហុងកុង និងបញ្ឈប់ការនាំចេញបរិក្ខាយោធាឱ្យតំបន់ រដ្ឋបាលពិសេសចិនមួយនេះ ស្របពេលបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងលើច្បាប់សន្តិសុខ ទីក្រុងហុងកុង ដែលពួកគេយល់ថានឹងបំផ្លាញដល់សេរីភាពប្រជាជនហុងកុង បើទោះជាចិនបដិសេធក៏ដោយ៕