(ប៉េកាំង)៖ កាសែតចិន People Daily បានរាយការណ៍ឲ្យដឹងថា គ្រោះរអិលបាក់ដីមួយបានកប់មនុស្សទាំងរស់ចំនួន ០៩នាក់នៅខេត្តហ៊ូប៉ី នៅព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ នេះតែម្តង បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ដ៏ខ្លាំងបំផុត ពុំធ្លាប់មានឡើយសម្រាប់រយៈពេលប៉ុន្មាន ទស្សវត្សន៍ចុងក្រោយនេះ ដែលបានបង្កជាគ្រោះទឹកជំនន់ និងបានសម្លាប់ជីវិតមនុស្សជាង ១០០នាក់ហើយក្នុងរយៈពេល ជាងមួយសប្តាហ៍មក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
តាមប្រភពដដែលខាងលើ បានគូសបញ្ជាក់ថា គ្រោះរអិលបាក់ដីបានកើតឡើងនៅក្នុងស្រុក ហ័រម៉ី (Huang Mei) នាព្រឹកព្រលឹមថ្ងៃពុធនេះតែម្តង ខណៈពេលដែលកិច្ចប្រឹងប្រែង ជួយសង្គ្រោះប្រជាជន កំពុងតែដំណើរការយ៉ាងសកម្ម។ ហេតុការណ៍ដ៏រន្ធត់មួយទៀត ក៏បានកើតឡើងផងដែរកាលពីថ្ងៃទី០៧ ខែកក្កដា ម្សិលមិញនេះ ដោយរថយន្តក្រុងមួយគ្រឿង បានធ្លាក់ចូលទឹកប្រឡាយក្នុងទីក្រុង អានស៊ុន (Anshun) នៃខេត្ត គុយចូវ (Guizhou) នាំឲ្យមនុស្ស ២១នាក់ស្លាប់ និង ១៥នាក់រងរបួស។
រដ្ឋបាលឧតុនិយមចិនបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា រហូតមកដល់ថ្ងៃទី០៧ ខែកក្កដាម្សិលមិញនេះ ព្យុះទឹកភ្លៀងនៅតែបន្តបោកបក់នៅតាមតំបន់ធំៗមួយចំនួនដូចជា នៅខេត្តហ៊ូប៉ី (Hubei), ខេត្តអានហ៊ុយ (Anhui ), ខេត្តជីជាំង (Zhejiang) និងខេត្តឆុងឈីង (Chongqing) ក្នុងកម្រិតខ្ពស់បំផុតពុំធ្លាប់កើតមានពីមុនមកទេ បើរាប់ចាប់តាំងពីឆ្នាំ១៩៦១ ពោលកម្រិតទឹកភ្លៀង គឺខ្ពស់ជាងកម្រិតធម្មតាពី ២ ទៅ ៣ដងឯណោះ។
គួរបញ្ជាក់ថា សម្រាប់ខេត្តអានហ៊ុយតែឯង គឺបានរាយការណ៍ពីជំនន់ទឹកភ្លៀង ដ៏ធ្ងន់ធ្ងរបំផុត ដែលមិនធ្លាប់កើតមានឡើយក្នុងរយៈពេល ៥០ឆ្នាំមកនេះ ខណៈខេត្តហ៊ូប៉ី និងហ៊ូណាន (Hunan)វិញ ការប្រកាសអាសន្ន ត្រូវបានធ្វើឡើង ក្នុងកម្រិតពណ៌ទឹកក្រូច ដែលជាកម្រិតខ្ពស់៕