(ដាម៉ាស់)៖ អ៉ីរ៉ង់ នឹងបង្កើនទំនាក់ទំនងយោធាជាមួយប្រទេសស៊ីរី ក្នុងនោះរួមមានទាំងការជួយការពង្រឹង និងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ទប់ទល់នឹងការវាយប្រហារ តាមផ្លូវអាកាស ពីសំណាក់យោធាអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០។

ប្រធានសេនាធិការយោធាអ៉ីរ៉ង់ លោកឧត្ដមសេនីយ៍ឯក Mohammad Hossein Bagheri ធ្វើការកត់សម្គាល់ខាងលើប្រាប់អ្នកសារព័ត៌មាន ក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងយោធា នៅថ្ងៃពុធនេះ ជាមួយរដ្ឋមន្ត្រីការពារជាតិស៊ីរី លោក Ali Abdullah Ayyoub នាឱកាសដែលលោកបំពេញទស្សនកិច្ចមកកាន់ទីក្រុងដាម៉ាស់
ប្រទេសស៊ីរី។

លោក Bagheri បន្ថែមថាកិច្ចព្រមព្រៀងយោធានេះ នឹងពង្រឹងសមត្ថភាពយោធាស៊ីរី ក៏ដូចជាកិច្ចសហប្រតិបត្តិការសន្តិសុខរវាងស៊ីរី និងអ៉ីរ៉ង់ គ្រប់កម្រិតទាំងអស់។ បន្ថែមពី លើនេះ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារផ្លូវអាកាសរបស់អ៉ីស្រាអែល នៅក្នុងប្រទេសស៊ីរី ឧត្ដមសេនីយ៍ឯកអ៉ីរ៉ង់រូបនេះបានបញ្ជាក់ដែរថា យោធាស៊ីរី ត្រូវតែប្រតិកម្មឱ្យបានខ្លាំងក្លា ប្រឆាំងនឹងការរំលោភបំពានរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា បើតាមលោក Bagheri វត្តមានរបស់អ៉ីរ៉ង់ នៅក្នុងប្រទេសស៊ីរី គឺជារឿងស្របច្បាប់ និងធ្វើឡើងតាមការស្នើសុំពីរដ្ឋាភិបាលទីក្រុងដាម៉ាស់ ដើម្បីជួយដល់ ប្រតិបត្តិការកម្ចាត់ក្រុមភេរវករ ផ្ទុយពីកងកម្លាំងបរទេសមួយចំនួនដែលកំពុងបំពាន និងបន្តរក្សាវត្ដមានដោយខុសច្បាប់ ដោយមិនមានការយល់ព្រមពីស៊ីរី។ ទោះជាមិនបាន បញ្ជាក់ចំឈ្មោះ តែគេដឹងថាលោក Bagheri ចង់និយាយសំដៅលើសហរដ្ឋអាមេរិក៕