(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសថាចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅទូទាំងប្រទេសបានកើន លើស ១២,០០០នាក់ហើយ ខណៈចំនួនអ្នកឆ្លងកំពុងកើនឡើងជាថ្មីយ៉ាងគំហុក បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការបិទប្រទេសអស់រយៈពេលមួយសប្ដាហ៍ មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោកស្រី Sima Sadat Lari បានបញ្ជាក់ថា អ្នកស្លាប់ ដោយសារ COVID-19 បានកើនដល់ ១២,០៨៤នាក់ បន្ទាប់ពីអ្នកស្លាប់ថ្មី ១៥៣នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ លោកស្រីបន្ថែម ទៀតថា ពេញមួយថ្ងៃអង្គារម្សិលមិញ អាជ្ញាធរក៏បានរកឃើញអ្នកឆ្លងថ្មី ២,៦៩១នាក់ផងដែរ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ២៤៨,៣៧៩នាក់ ក្នុងនោះមាន ២០៩,៤៦៣នាក់ ជាសះស្បើយឡើងវិញ។
គួរជម្រាបថា ប្រឈមមុខនឹងការផ្ទុះឡើងជាថ្មីនៃការឆ្លងរាតត្បាត COVID-19 ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បានប្រកាសដាក់ចេញវិធានការរឹតត្បិត ថ្មីៗមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងជំងឺមួយនេះ ក្នុងនោះរួមមានទាំងការតម្រូវឱ្យប្រជាជនពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព៕