(អូស្ត្រាលី)៖ ពេលនេះក្រុមតារាវិទូអន្តរជាតិ កំពុងតែចាត់ចែងការងារ ក្នុងការអង្កេតប្រហោងខ្មៅ (Black Hole) ដ៏កញ្ជ្រោលមួយ ដែលមានសមត្ថភាពពង្រីកខ្លួនរបស់វា បានលឿនជាងប្រហោងខ្មៅផ្សេងៗទៀត នៅក្នុងចក្រវាឡដែលពិបាករកដែនកំណត់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន India Times នាថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
ប្រហោងខ្មៅខាងលើនេះ គឺស្ថិតនៅក្នុងលំដាប់ថ្នាក់ជាប្រហោងខ្មៅមហាយក្ស (ultra-massive black hole) ដែលមានឈ្មោះសម្គាល់យ៉ាងវែងអន្លាយថា SMSS J215728.21–360215.1 ឬបើលោកអ្នកពិបាកហៅពេក វាក៏មាន Nickname ផងដែរនោះគឺ J2157។ J2157 ត្រូវបានរកឃើញកាលពីឆ្នាំ២០១៨ និងមានចម្ងាយ ១២.៥ពាន់លានឆ្នាំពន្លឺពីផែនដី ដែលប្រការនេះមានន័យថា វាត្រូវបានបង្កើតឡើង តាំងតែពីចក្រវាឡយើងទើបមានអាយុកាលជាង ១ពាន់លានឆ្នាំប៉ុណ្ណោះ (ចក្រវាឡត្រូវបានក្រុមតារាវិទូគណនាថា មានអាយុកាល ១៣.៨ពាន់លានឆ្នាំហើយ)។
សារព័ត៌មានវិទ្យាសាស្ត្រមួយបានប្រៀបធៀបថា ប្រសិនបើប្រហោងខ្មៅមហាយក្ស J2157 ស្ថិតនៅចំកណ្តាលកាឡាក់ស៊ី Milky Way របស់យើងវិញនោះ ពន្លឺរវាងនឹងភ្លឺជាងព្រះច័ន្ទពេញវង់លើផ្ទៃមេឃផែនដី រហូតដល់ទៅ ១០ដងឯណោះ។ បើតាមការគណនាដោយក្រុមតារាវិទូអន្តរជាតិ ប្រហោងខ្មៅមហាយក្ស J2157 អាចលេបត្របាក់់វត្ថុជុំវិញវា ក្នុងទំហំពាក់កណ្តាលម៉ាស់ព្រះអាទិត្យយើងក្នុងមួយថ្ងៃៗ ខណៈទំហំរបស់វាពេលនេះត្រូវបានគណនាថា អាចស្មើនឹងម៉ាស់របស់ព្រះអាទិត្យ គុណហ្នឹង ៣៤ពាន់លានដងឯណោះ។ ដូច្នេះវាត្រូវបានចាត់ទុកថា ជាប្រហោងខ្មៅ ដែលរីកធំធាត់លឿនបំផុត នៅក្នុងចក្រវាឡទាំងមូល។
ជុំវិញការសិក្សាខាងលើនេះ តារាវិទូ Christopher Onken នៃសាកលវិទ្យាជាតិអូស្ត្រាលីបានគូសបញ្ជាក់ថា «ម៉ាស់របស់ប្រហោងខ្មៅនេះ (J2157) គឺធំជាងប្រហោងខ្មៅមហាយក្សនៅចំកណ្តាលកាឡាក់ស៊ី (Milky Way) របស់យើងរហូតដល់ទៅ ៨,០០០ដងឯណោះ។ ប្រសិនបើប្រហោងខ្មៅ (Sagittarius A) ចង់រីកធំធាត់លឿនឲ្យដូច J2157 នោះវាត្រូវតែលេបយកផ្កាយឲ្យអស់ ២ ភាគ ៣ នៅក្នុងកាឡាក់ស៊ីយើងទាំងមូល»។
គួរបញ្ជាក់ថា ប្រហោងខ្មៅ (Black Hole) គឺជាតំបន់ដ៏ចលាចលបំផុត ដែលកម្លាំងទំនាញរបស់វាពិតជាខ្លាំងណាស់ឥតគណនា ដោយគ្មានអ្វីទាំងអស់សូម្បីភាគល្អិត ឬសារធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដូចជាពន្លឺ អាចគេចចេញពីវាបានឡើយ។ ប្រហោងខ្មៅដែលប្រៀបបីដូចជាព្យុះកួច ដែលអាចកម្ទេចអ្វីៗគ្រប់យ៉ាងក្នុងកាឡាក់ស៊ីនេះ ត្រូវបានក្រុមតារាវិទូគណនាថា យ៉ាងណាស់ក៏មានជាង ១០លានដែរនៅក្នុងកាឡាក់ស៊ី Milky Way របស់យើង៕