(ប្រេស៊ីលឡា)៖ ការធ្វើតេស្ដវិជ្ជមាន COVID-19 លើប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) គឺជាចាប់ផ្ដើមទីបញ្ចប់ នៃរដ្ឋបាលរបស់លោក ដែលកំពុងប្រឈមមុខ នឹងការខឹងសម្បារ និងការរិះគន់ទ្វេដងពីសំណាក់ប្រជាជនប្រេស៊ីល ជុំវិញការដោះស្រាយវិបត្តិ ជំងឺឆ្លងរាតត្បាតសកលមួយនេះ។ នេះបើតាមការលើកឡើងពីអ្នកជំនាញ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
លោក Bolsonaro ដែលធ្លាប់តែមើលស្រាលថា COVID-19 ជាជំងឺផ្ដាសាយកំប៉ិកកំប៉ុក បានប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា លោកបានឆ្លង COVID-19 ប៉ុន្តែលោកក៏អះអាងដែរថា ខ្លួនមានសុខភាពមាំមួន និងអារម្មណ៍ស្រស់ស្រាយជាធម្មតា ខណៈអការៈគ្រុនក្ដៅកំពុងថយចុះជាបន្តបន្ទាប់។ ព្រមពេលជាមួយគ្នា ប្រធានាធិបតីប្រេស៊ីលរូបនេះ ក៏បានឱ្យដឹងដែរថា លោកកំពុងលេបថ្នាំ អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន (hydroxychloroquine) និងថ្នាំអង់ទីប៊ីយ៉ូទិច អាហ្ស៊ីស្រូម៉ាយស៊ីន (azithromycin) ដើម្បីព្យាបាល COVID-19 បើទោះជាថ្នាំទាំងពីរមុខនេះ ត្រូវបានអ្នកជំនាញ និងអង្គការ WHO ព្រមានថា មិនមានប្រសិទ្ធភាព និងអាចបង្កហានិភ័យដល់អាយុជីវិតក៏ដោយ។
យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមួយចំនួនដូចជាលោក រ៉ូប៊ឺត មូកហ្គាហ៍ (Robert Muggah) ជានាយកវិទ្យាស្ថានស្ទង់មតិ អ៉ីហ្គារ៉េប (Igarape Institute) មានមូលដ្ឋានក្នុងទីក្រុង រីយ៉ូ (Rio de Janeiro) បានប្រាប់ CNBC តាមរយៈសារអេឡិចត្រូនិចថា ការប្រកាសឆ្លង COVID-19 របស់លោក Bolsonaro គឺជាការចាប់ផ្ដើមទីបញ្ចប់នៃរដ្ឋបាលរបស់លោក ដែលកំពុងប្រឈមមុខនឹងការខឹងសម្បារ និងការរិះគន់ទ្វេដង ពីសំណាក់ប្រជាជនប្រេស៊ីល ជុំវិញការដោះស្រាយវិបត្តិជំងឺរាតត្បាតសកលមួយនេះ។
លោក Muggah បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការឆ្លង COVID-19 របស់លោក Bolsonaro គឺជាចាប់ផ្ដើមទីបញ្ចប់នៃរដ្ឋបាលរបស់លោក ដោយសារតែការធ្វេសប្រហែស និងអសមត្ថភាពរបស់លោក ខណៈប្រេស៊ីលនៅតែមិនទាន់មាន ការសម្របសម្រួលយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីដោះស្រាយវិបត្តិ COVID-19»។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃពុធម្សិលមិញ ប្រេស៊ីលគឺជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនលំដាប់ទី ២ នៅលើពិភពលោក (ក្រោមសហរដ្ឋអាមេរិក) ដោយមានករណីឆ្លងសរុប ១.៧លានករណី ក្នុងនោះស្លាប់ ៦៨,០៥៥នាក់ និងជាសះស្បើយឡើងវិញ ១.១៥លាននាក់៕