(វ៉ាស៊ីនតោន)៖ ភ័ស្តុតាងថ្មីជុំវិញការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) បានបង្ហាញថា មុនពេលដាច់ខ្យល់ស្លាប់ក្រោមក្បាលជង្គង់របស់ប៉ូលីស លោកបានស្រែកប្រាប់ប៉ូលីស ដែលយកជង្គង់សង្កត់កញ្ចឹងករបស់ខ្លួននោះថា «ខ្ញុំមិនអាចដកដង្ហើមបានទេ» រហូតដល់ទៅជាង ២០ដងឯណោះ។ មិនតែប៉ុណ្ណោះជនរងគ្រោះមា្នក់នេះ ថែមទាំងបានស្រែកដង្ហើយហៅកូនៗ និងម្តាយរបស់ខ្លួនទៀតផង មុននឹងលោកដាច់ខ្យល់ស្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
ខ្សែវីដេអូនៃការប្រើអំពើហិង្សាលើលោក Floyd រហូតដល់ដាច់ខ្យល់ស្លាប់ ដែលត្រូវបានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម ចែកចាយតៗគ្នាយ៉ាងព្រោងព្រាត កាលពីពេលកន្លងទៅនេះបានបង្ហាញថា នៅពេលលោក Floyd ត្រូវប៉ូលីសយកជង្គង់សង្កត់ក បុរសស្បែកខ្មៅរូបនេះបានស្រែកថា «ខ្ញុំមិនអាចដកដង្ហើមបានទេៗ» ខណៈពេលដែលប៉ូលីសមិនបានអើពើទាល់តែសោះ ចំពោះសម្រែកនេះ ហើយថែមទាំងបន្តសង្កត់ថែមទៀតរហូតទាល់តែ Floyd ដាច់ខ្យល់ស្លាប់។
ប៉ុន្តែកំណត់ហេតុថ្មី នៃវីដេអូខាងលើ ដែលត្រូវបានដាក់ទៅតាមពាក្យបណ្តឹង ទៅកាន់តុលាការកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញព័ត៌មានកាន់តែលម្អិត និងភស្តុតាងថ្មីទៀត អំពីសកម្មភាពចុងក្រោយរបស់លោក Floyd មុនស្លាប់។ កំណត់ហេតុថ្មីនេះបានគូសបញ្ជាក់បន្ថែមថា នៅពេលប៉ូលីសបានចាប់ខ្លួនភ្លាមៗ លោក Floyd បានអង្វរពួកគេកុំឲ្យដាក់គាត់ក្នុងឡានប៉ូលីស ដោយបានប្រាប់ពួកគេថា គាត់ជាមនុស្សខ្លាចកន្លែងចង្អៀត និងមានបញ្ហាផ្នែករាងកាយ។
នៅពេលកងកម្លាំងប៉ូលីស ព្យាយាមបង្ខំចាប់ខ្លួនដាក់ក្នុងឡាន លោក Floyd បានស្រែកថា «ខ្ញុំមិនអាចដង្ហើមបានទេៗ។ ខ្ញុំស្លាប់ឥឡូវហើយ»។ ក្រោយមកទៀត ដោយក្រុមប៉ូលីសនៅតែមិនអើពើ គាត់ក៏បានស្រែកយំថា «ម៉ាក់! កូនស្រលាញ់ម៉ាក់។ សូមម៉ាក់ជួយប្រាប់កូនៗរបស់ខ្ញុំផងថា ខ្ញុំស្រលាញ់ពួកគេណាស់។ ខ្ញុំស្លាប់ឥឡូវហើយ»។ គាត់នៅតែបន្តស្រែកដូច្នេះ អស់ជាច្រើនដងច្រើនសារ រហូតទាល់ដាច់ខ្យល់ស្លាប់។
គួរជម្រាបថា លោក George Floyd វ័យ ៤៦ឆ្នាំ ដែលជាជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក បានដាច់ខ្យល់ស្លាប់ នៅក្រោមជង្គង់ប៉ូលីសស្បែកសនៃទីក្រុងមីននាផូលីស រដ្ឋមីននីសូតា កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ។ ការស្លាប់របស់លោក បានធ្វើឲ្យផ្ទុះកំហឹងដែលមានជាយូរមកហើយ ចំពោះករណីប៉ូលីសអាមេរិកស្បែកស សម្លាប់ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ខណៈករណីនេះវាបានបង្កជាភាពវឹកវរ នៅទូទាំងសហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លាបំផុតមិនធ្លាប់មានពីមុនមកទេ បើរាប់ចាប់តាំងពីការធ្វើឃាតលោក ម៉ាទីន លូសឺ ឃីង (Martin Luther King) ដែលជាសកម្មជនសិទ្ធិមនុស្សល្បីល្បាញបំផុតកាលពីឆ្នាំ១៩៦៨៕