(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយរូប របស់គណបក្សសាធារណរដ្ឋ លោក ឡាម៉ា អាឡិចហ្សានដឺ (Lamar Alexander) បានថ្លែងនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា លោកមិនយល់ស្របនឹងការសម្រេច របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិក ជាផ្លូវការចេញពីអង្គការសុខភាពពិភពលោក (WHO) នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០។
ព្រឹទ្ធសមាជិកអាមេរិកលោក Alexander ដែលជាប្រធានគណៈកម្មាធិការសុខាភិបាល អប់រំ ការងារ និងសោធននិវត្តន៍បាននិយាយថា «ខ្ញុំមិនយល់ស្របនឹងសេចក្តី របស់លោកប្រធានាធិបតីនោះទេ។ ការសម្រេចនេះនឹងធ្វើឱ្យប៉ះពាល់ ដល់កិច្ចខំប្រឹងក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 និងរារាំងកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយប្រទេសផ្សេងៗទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ»។
លោក Alexander បានសង្កត់ធ្ងន់ថា «ប្រសិនបើរដ្ឋបាលលោក ត្រាំ ចង់ធ្វើកំណែទម្រង់ណាមួយទៅលើ អង្គការសុខភាពពិភពលោកគួរតែបញ្ជូនសំណើរទៅសភា នោះយើងពិតជាអាចស្វែងរក ដំណោះស្រាយរួមគ្នាបាន»។
ដោយឡែកសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងជាប្រធានគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេស លោក រ៉ូប៊ឺត មែណិនដែស (Robert Menendez) បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃពុធសប្តាហ៍នេះថា វិធានការរបស់លោក ត្រាំ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 គឺមានភាពមិនច្បាស់លាស់ និងរញ៉េរញ៉ៃ ហើយមិនបានការពារជីវិត និងផលប្រយោជន៍របស់ជនជាតិអាមេរិកឡើយ។
គួរជម្រាបថា សហរដ្ឋអាមេរិកនឹងចាកចេញពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី០៦ ខែកក្កដាឆ្នាំ ២០២១ខាងមុខ ខណៈដែលខ្លួនជំពាក់ប្រាក់វិភាគទានច្រើនជាង ២០០លានដុល្លារនៅឡើយនាពេលបច្ចុប្បន្ននេះ។ គិតតាមតួលេខចុងក្រោយ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុបជាង ៣.១លានករណី ក្នុងនោះស្លាប់ជាង ១៣.៤ម៉ឺននាក់ និងជាសះស្បើយឡើងវិញជិត ១.៤លាននាក់៕