(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា មានមនុស្សម្នាក់តែម្នាក់គត់ ត្រូវបានក្រុមជំនាញរកឃើញថា «មានអង់ទីករប្រឆាំងវីរុសកូរ៉ូណា (COVID-19)» នៅក្នុងចំណោមនុស្សច្រើនជាង៣,០០០នាក់ នៅទូទាំងប្រទេស ដែលទទួលការធ្វើតេស្ដរកអង់ទីករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
កាលពីចន្លោះពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី១៩ ខែមិថុនាកន្លងទៅ ក្នុងចំណោមមនុស្ស ១,៥៥៥នាក់ ដែលទទួលបានការធ្វើតេស្ដនៅទូទាំងប្រទេស គ្មាននរណាម្នាក់បង្ហាញថា មានអង់ទីករប្រឆាំងនឹងវីរុសកូរ៉ូណានោះទេ។ អនុប្រធានមជ្ឈមណ្ឌលកូរ៉េសម្រាប់ការពារ និងបង្ការជំងឺឆ្លង (KCDC) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «លទ្ធផលនៃការធ្វើតេស្ដរកអង់ទីករ ក៏បានបង្ហាញផងដែរថា ប្រជាជនកូរ៉េខាងត្បូងម្នាក់ៗបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការគម្លាតសុវត្ថិភាព រហូតធ្វើឱ្យប្រទេសជាតិ អាចកាត់បន្ថយអត្រាឆ្លងបានដោយជោគជ័យ»។
គួរជម្រាបថា គិតត្រឹមថ្ងៃនេះកូរ៉េខាងត្បូងមានករណីឆ្លង COVID-19 ១៣,២៩៣ករណី ក្នុងនោះស្លាប់ ២៨៧នាក់ និងជាសះស្បើយ ១២,០១៩នាក់។ មួយរយៈចុងក្រោយនេះ កូរ៉េខាងត្បូងបានជួបប្រចាំអត្រាឆ្លងជំងឺ COVID-19 ពីចន្លោះ ៤០ ទៅ ៦០នាក់ជាប្រចាំថ្ងៃ៕