(សេអ៊ូល)៖ កម្លាំងប៉ូលិសនៅប្រទេសកូរ៉េខាងត្បូង កំពុងតែតាមស្វែងរុករកអភិបាលនៃទីក្រុងសេអ៊ូល គឺលោក ផាក វ៉ុនស៊ូន (Park Won-soon) បន្ទាប់ពីកូនស្រីលោក បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ប្រាប់ប៉ូលិសថា រូបលោកបានបាត់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០។
ស្ថាប័នប៉ូលិសប្រចាំនៅរដ្ឋធានីសេអ៊ូលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកំពុងតែស្វែងរកលោក ផាក នៅបរិវេណសង្កាត់ ស៊ុងប៊ុកដុង (Sungbuk-dong) ដែលស្ថិតនៅប៉ែកខាងជើងសេអ៊ូល ជាទីដែលសញ្ញាទូរស័ព្ទរបស់លោក ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយ។ ក្រៅពីកម្លាំងមនុស្ស ឧបករណ៍ដ្រូន និងសុនខជំនាញ ក៏ត្រូវបានចល័តក្នុងប្រតិបត្តិការស្វែងរកនេះផងដែរ។
គួរជម្រាបថា នៅវេលាម៉ោង០៥៖១៧នាទីល្ងាច (ពេលវេលានៅសេអ៊ូល) កូនស្រីលោក ផាក បានទៅរាយការណ៍ប្រាប់ប៉ូលិសថា លោក បានចាកចេញពីគេហឋានតាំងពីខ្ទង់ម៉ោង១០៖៤៤នាទីព្រឹក ហើយទូរស័ព្ទលោកទាក់ទងមិនចូល។ លោក ផាក វ៉ុនស៊ូន វ័យ៦៤ឆ្នាំ បានកាន់តំណែងជាអភិបាលក្រុងសេអ៊ូល ចាប់តាំងពីឆ្នាំ២០១១មក ហើយលោកត្រូវគេមើលឃើញថា អាចជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២២៕