(ប៉េកាំង)៖ ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញនៃអគ្គនាយកដ្ឋានគយរបស់ចិនហៅកាត់ថា (GAC) លោក ប៉ាយ កេស៊ីន (Bi Kexin) បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះថា វីរុសកូរ៉ូណា (COVID-19) ត្រូវបានរកឃើញនៅក្នុងកញ្ចប់ និងធុងដាក់បង្គាក្នុងទូរកុងតឺនឺដែលនាំចូលពីប្រទេសអេក្វាឌ័រកាលពីថ្ងៃទី០៣ ខែកក្កដា។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CGTN នារសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។
នៅថ្ងៃដដែលនោះ GAC បានប្រកាសផ្អាកការនាំចូលពីក្រុមហ៊ុនចំនួន ០៣ របស់ប្រទេសអេក្វាឌ័រដោយសារហានិភ័យនៃវីរុសនេះ COVID-19 ខណៈបង្គារដែលត្រូវបានរកឃើញថាមានផ្ទុកវីរុស ត្រូវបានដុតបំផ្លាញចោលទាំងអស់។
យោងតាមស្ថិតិពីសម្ព័ន្ធកែច្នៃជលផល និងទីផ្សាររបស់ចិនបានឱ្យដឹងថា បង្គាជិត ៣ម៉ឺនតោនត្រូវបាននាំចេញពីប្រទេសអេក្វាឌ័រ មកកាន់ប្រទេសចិនគិតត្រឹមអំឡុងខែមីនាឆ្នាំនេះ។ ដោយឡែក ដើម្បីបង្ការហានិភ័យនៃការឆ្លងរាលដាលជំងឺ COVID-19 តាមរយៈការនាំចូលចំណីអាហារមកក្នុងប្រទេស មន្ត្រីគយចិនបាននិងកំពុងធ្វើការត្រួតពិនិត្យយ៉ាងដិតដល់ទៅលើចំណីអាហារក្លាសេទាំងអស់។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ GAC បានផ្អាកការនាំចូលសាច់ពីប្រទេសចំនួន ២៣ ខណៈដែលប្រទេស និងក្រុមហ៊ុន ជាច្រើនកំពុងសហការយ៉ាងសកម្ម ជាមួយប្រទេសចិន។ លើសពីនេះ អាជ្ញាធរគយចិនបាននិយាយថា ក្រុមហ៊ុនចំនួន ១០ផ្សេងទៀតបានផ្អាកការនាំចេញរបស់ពួកគេមកកាន់ប្រទេសចិន តបតាមសុំស្នើអាជ្ញាធរចិន៕