(វ៉ាស៉ីនតោន)៖ នៅទីបំផុតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេឃើញពាក់ម៉ាសជាលើកដំបូង នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បន្ទាប់ពីមានការជំរុញឲ្យរូបលោក ធ្វើជាគំរូក្នុងនាមជាមេដឹកនាំ ប្រទេស ស្របពេលដែលការរាតត្បាតនៃជំងឺ COVID-19 បាននិងកំពុងតែ បន្តញាំញ៉ីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានពាក់ម៉ាសពណ៌ខ្មៅមួយ នៅពេលលោកចុះទស្សនកិច្ចនៅឯមន្ទីរពេទ្យយោធាឈ្មោះ វ៉លថឺ រីដ (Walter Reed) នៅជាយរដ្ឋធានីវ៉ាស៉ីនតោន។ យោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងសប្តាហ៍នេះ ក្រុមទីប្រឹក្សារបស់ លោក ត្រាំ បានទទូចឲ្យរូបលោកពាក់ម៉ាសនៅទីសាធារណៈ ដើម្បីជាគំរូ ខណៈដែលករណីឆ្លង COVID-19 នៅរដ្ឋមួយចំនួន បានស្ទុះ ឡើងវិញ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប៣.៣លាននាក់ ក្នុងនោះស្លាប់១៣.៧ម៉ឺននាក់ ៕